Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រីបាឡែនពណ៌សដ៏កម្រនិងល្បីឈ្មោះបំផុត «Migaloo» កំពុងបង្ហាញរាងក្នុងដែនទឹកអូស្ត្រាលី

26-07-2016 15:22

(អូស្ត្រាលី)៖ ប្រភេទត្រីបាឡែនពណ៌សដ៏កម្រ និងល្បីឈ្មោះបំផុតលើលោក humpback whale ត្រូវបានអ្នក ជិះទូកកម្សាន្តប្រទះឃើញនៅក្នុងដែនទឹកភាគខាងជើងប្រទេសអូស្ត្រាលី ជាទីដែលវាតែងតែចល័តមកលេងទឹក រៀងរាល់ឆ្នាំ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។

បាឡែនឈ្មោលពណ៌សឈ្មោះ Migaloo ខាងលើនេះ ត្រូវបានគ្រប់គ្នាស្គាល់ និងចាប់អារម្មណ៍ខ្លាំងបំផុតទៅលើ ពណ៌ប្លែកពីគេរបស់វា ដែលរយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានក្រុមអ្នកតាមដានត្រីបាឡែនទូទាំងពិភពលោក អះអាងថា ជាត្រីបាឡែនពណ៌សប្រភេទ humpback whale ដែលស្រស់ស្អាតជាងគេលើលោក។

នៅឆ្នាំ ២០១៦នេះ វាបានហែលមកកាន់តំបន់ដែនទឹកនៃរដ្ឋ New South Wales ហើយសម្រាប់អ្នករស់នៅក្រុង ទេសចរណ៍ Byron Bay ក៏បានឃើញវត្តមានរបស់ Migaloo ផងដែរ។ អ្នកស្រឡាញ់ត្រីបាឡែនជាច្រើននាក់ បាន ប្រមូលផ្តុំគ្នាមកទស្សនាទិដ្ឋភាពដ៏កម្របំផុត ដែលមានតែមួយឆ្នាំម្តងនេះ។

គួរបញ្ជាក់ថា Migaloo មានប្រវែង ១៤ម៉ែត្រ ធ្លាប់ត្រូវបានគេប្រទះឃើញធ្វើដំណើរជាហ្វូង តែឥឡូវនេះបែរជាធ្វើ ដំណើរតែឯងទៅវិញ។ ប្រទេសអូស្ត្រាលី ត្រូវបានចាត់ទុកជាអ្នកអភិរក្សត្រីបាឡែនគ្រប់ប្រភេទ ជាពិសេសប្រភេទ កម្រដែលជិតនឹងផុតពូជ៕