(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ រក្សាទឹកប្រើប្រាស់រដូវប្រាំង និងកាត់បន្ថយទឹកជំនន់នៅរដូវវស្សា។
គម្រោងនេះជារបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លាតសន្ធឹងស្រុកអូរជ្រៅ ឃុំសឹង្ហ ទំនប់អាងកន្សែង, ឃុំកូប ទំនប់អាងកូនត្រី និងក្រុងប៉ោយប៉ែត និងសង្កាត់និមិត្ត ទំនប់អាងពង្រ៕