(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចាត់ទុកលោកពូ អ្នកមីង បងប្អូន អតីតយុទ្ធជន គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការរួមចំណែកអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ការអភិវឌ្ឍ និងកិត្យានុភាព ទូទាំងប្រទេស និងលើឆាកអន្តរជាតិ។

ការលើកឡើងបែបនេះរបស់លោក អ៊ាង សុផល្លែត បានធ្វើឡងក្នុងឱកាសជួបសំណេះសំណាល និងបំពាក់មេដាយជូន អតីតយុទ្ធជន ចំនួនជាង ២០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពីលោក ឡាំ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកស្រី សាន្ត អារុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោកបានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ សូមគោរពដឹងគុណ ចំពោះការលះបង់គ្រប់បែបយ៉ាង របស់អតីតយុទ្ធជននៅទូទាំងប្រទស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាស្ថាបនិកសន្តិភាព នាំអោយកម្ពុជាដ៏កម្សត់របស់យើងដែលកើតចេញពីផេះផង់សង្រ្គាម គំនរឆ្អឹង និងថ្លុកឈាម ក្លាយជាប្រទេសដែលមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍនៅទូទាំងប្រទេស មានកេរ្តិ៍ឈ្មោះលើសកលលោក ជាកម្ពុជាថ្មី ដែលមានសមត្ថភាពរៀបចំព្រឹត្តិការណ៍ធំៗ ប្រជាពលរដ្ឋមានសមត្ថភាពអាចដណ្តើមបានជ័យលាភី និងមេដាយស្ទើរគ្រប់ជំនាញ។

លោក អ៊ាង សុផល្លែត បានសំណូមពរដល់ពូ មីង ជួយធ្វើយ៉ាងណាជំរុញ និងបំពេញនូវកង្វះខាតរបស់យើងខ្ញុំ ទាំងអស់គ្នា ក្នុងនាមជាអ្នកទទួលនូវផ្លែផ្កាពីសុខសន្តិភាព ដែលបានពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់ លោកពូ អ្នកមីង បងប្អូន អតីតយុទ្ធជនដែលបានឆ្លងកាត់គ្រប់រសជាតិនៃសង្គ្រាម ព្រោះថា «ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ»។

លោកបានបន្តថា ដើម្បីតបស្នងនូវគុណូបការៈរបស់អតីតយុទ្ធជនទាំងអស់ យើងខ្ញុំជាក្រុមការងារអូររាំងឪ ប្តេជារក្សាអោយបាននូវសុខសន្តិភាព រួមចំណែកអភិវឌ្ឍន៍ និងបន្តកសាងសមិទ្ធិផលសម្រាប់កូនចៅជំនាន់ក្រោយទៀត។

លោក អ៊ាង សុផល្លែត ក៏បានជូនពរដល់លោកពូ អ្នកមីង បងប្អូនអតីតយុទ្ធជនទាំងអស់ សូមអោយមានសុខភាពល្អ និងអាយុវែង ដើម្បីមើលឃើញពីការអភិវឌ្ឍរុងរឿងជាបន្តទៀត របស់មាតុភូមិយើង៕