(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម នៅស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សរុបប្រមាណ ៣០០ នាក់ ដែល អញ្ជើញមកពី១២ ឃុំ ក្នុងស្រុកខ្សាច់កណ្តាល។

លោកបណ្ឌិត បានអញ្ជើញតំណាង តាមឃុំនីមួយៗ លើកឡើងនូវបញ្ហាប្រឈមនានា ដែលបងប្អូនបាន និងកំពុងជួបប្រទះ ក្នុងការប្រកបផលរបរកសិកម្ម។ បន្ទាប់ពីស្តាប់បញ្ហាប្រឈម ពីតំណាងកសិករ តាមឃុំ គឺ មាន ភាពស្រដៀងគ្នា ពោល គឺ បញ្ហាថ្លៃដើមផលិតខ្ពស់ តែទិន្នផលទទួលបានគឺមានតំលៃទាបជាទីផ្សារ។ ឧទាហរណ៍ ការដាំដុះស្វាយកែវរមៀត ជា ដើម -ល-។

ថ្លែងទៅកាន់បងប្អូនប្រជាកសិករ លោកបណ្ឌិត បានជម្រាបបងប្អូនថា ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ នារយៈពេលកន្លងមក បានធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលលោក។ ប៉ុន្តែទោះជាយ៉ាងណា គណបក្សប្រជាកម្ពុជា តែងតែរកវិធីដោះស្រាយ ក្នុងនោះវិធានការបន្តបន្ទាប់ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយធ្វើយ៉ាងណា លើកស្ទួយជីវិភាពបងប្អូនអោយប្រសើរឡើង។

គោលបំណងនៃការជួបជុំនាឱកាសនេះ លោកបណ្ឌិត មានគោលបំណងចង់ធ្វើការផ្សព្វផ្សាយ អំពីព័ត៍មានទីផ្សារផលិតផលកសិកម្ម និង ចែករំលែកនូវបទពិសោធន៍នានា លើការអនុវត្តវិស័យកសិកម្ម ដែលឯកឧត្តមបណ្ឌិត បានទទួលបានផ្ទាល់ពីបងប្អូនកសិករនៅតាមបណ្តាលខេត្តនានា ដែលឯកឧត្តមបណ្ឌិត បានចុះទៅជួបផ្ទាល់នាពេលកន្លងមក។

ក្នុងនោះ លោកបណ្ឌិត ចង់ឲ្យបងប្អូនគួរធ្វើការគិតគូរយ៉ាងណាព្យាយាមកាត់បន្ថយថ្លៃដើមផលិត ដោយមានការសន្សំសំចៃលើការប្រើប្រាស់ថ្នាំ ជី ពូជ ដោយធ្វើយ៉ាងណាអោយត្រូវតាមក្បួនខ្នាតបច្ចេកទេស និងសូមកុំអនុវត្តតាមគ្នា ឬ តាមទម្លាប់ដដែលៗដែលគ្មានបទដ្ឋានបច្ចេកទេស។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត ណែនាំដល់បងប្អូនកសិករត្រូវមានការកត់ត្រាឱ្យបានច្បាស់លាស់លើការចំណាយផ្សេងៗ ដើម្បីអនុញ្ញាតឲ្យយើងដឹងពីចំណេញខាត។

បងប្អូនដាំដុះបន្លែ លោកបណ្ឌិត ណែនាំឲ្យបងប្អូនគួរកែប្រែទម្លាប់ពីការដាំដុះលើដីវាល ងាកមកដាំដុះក្នុងផ្ទះសំណាញ់វិញ ពីព្រោះការដាំដុះក្នុងផ្ទះសំណាញ់ អនុញ្ញាតឲ្យបងប្អូនទទួលបានផលមានគុណភាព ហើយមានតំលៃ និងចំណេញលើថ្លៃដើមផលិត។

លោកបណ្ឌិត ក៏លើកទឹកចិត្តដល់បងប្អូនកសិករក្នុងស្រុកខ្សាច់កណ្តាល ចូលរួមក្នុងគម្រោងកសិកម្មវៃឆ្លាតដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដែលមានមូលដ្ឋាននៅក្នុងឃុំជ័យធំ ក្រោមកិច្ចសហការរវាងធនាគារ ARDB និងគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល។

គម្រោងនេះ មានគោលបំណង ដើម្បីលើកស្ទួយជីវភាពបងប្អូនប្រជាកសិករ ក្រ ១ និង/ឬ ក្រ២ ដោយធ្វើការផ្សារភ្ជាប់ជាខ្សែច្រវាក់ផលិតកម្ម រាប់ចាប់ពីការដាំដុះ រហូតដល់លក់លើទីផ្សារ។ លោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនកសិករក្នុងស្រុកខ្សាច់កណ្តាល នឹងចាប់អារម្មណ៍ ដាក់ពាក្យចូលរួមក្នុងគម្រោងនេះ ឲ្យបានច្រើនកុះករ។

លោកបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនកសិករគួរចំណាយពេលសិក្សាបន្ថែមទៀត លើបច្ចេកទេសដាំដុះ ឬ ការចញ្ចឹម ជាដើម -ល- យ៉ាងណាមិញ, ដោយបច្ចុប្បន្នជាសម័យស្មាតហ្វូន ឌីជីថល បងប្អូនអាចធ្វើការសិក្សា ឬ ស្វែងយល់បច្ចេកទេស តាមប្រព័ន្ធ យូធូប ដែលមានក្នុងទូរស័ព្ឌដៃរបស់បងប្អូនផងដែរ ។

លោកបណ្ឌិត ណែនាំឲ្យបងប្អូន រៀបចំផែនការដាំដុះ ផែនការប្រមូលផល ដោយធ្វើយ៉ាងណា ឲ្យការដាំដុះ និងការប្រមូលផល អាចធ្វើការផ្គត់ផ្គង់ ជាប់លើទីផ្សារ។

លោកបណ្ឌិត ក៏បានធ្វើការកត់សម្គាល់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការលើកស្ទួយជីវភាពរបស់បងប្អូនកសិករ ដោយធ្វើការលើកស្ទួយវិស័យកសិកម្ម ឲ្យមានការរីកចម្រើន។ ក្នុងនោះវិធានការស្តារឡើងវិញនូវ ទឹក ផ្លូវ ភ្លើង មនុស្ស ដើម្បីធានា ឲ្យបាននូវ សុខដុមរមណីយកម្ម ជូនដល់បងប្អូនកសិករ។

បណ្ឌិត បានធ្វើការអំពាវនាវ ដល់បងប្អូនកសិករ សូមអញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តស្ថេរភាព សន្តិភាព និងការអនុវត្តសេដ្ឋកិច្ចជាតិ ជានិរន្ត។ បណ្ឌិត បានធ្វើការឧបត្ថម្ភ នូវថវិកាមួយចំនួនជូនបងប្អូនកសិករ ដែលមានវត្តមាន នាឱកាសនេះផងដែរ៕