(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា ការឃោសនាបោះឆ្នោត ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលសន្និសីទរបស់ គ.ជ.ប មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការនៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោក ឌឹម សុវណ្ណារុំ បានថ្លែងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ ថ្ងៃ។ គណបក្សនយោបាយ ដែល ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

លោកបានជម្រាបជូនអំពីសកម្មភាពដែលចាត់ទុកជាការឃោសនាបោះឆ្នោតមានដូចជា ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការជួបជុំ ឬការឃោសនានៅតាមផ្ទះ សកម្មភាពចែកខិត្តបណ្ណរបស់គណបក្សនយោបាយ។ល។

ចំពោះការហែក្បួនឃោសនាបោះឆ្នោត លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានធ្វើយ៉ាងច្រើន ៤ ដង ស្ថិតក្នុងព្រំប្រទល់រាជធានី ខេត្ត ដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានកំណត់ដូចខាងក្រោម៖

- ការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយផ្សេងៗ ភ្ជាប់នឹងរថយន្ត ឬ/និងទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង

- មានអ្នកចូលរួមចាប់ពី ២០ នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬ/និងប្រើប្រាស់យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ក្នុងការឃោសនាបោះឆ្នោត មាន៖
* រថយន្តចាប់ពី ២ គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ចាប់ពី ១០ គ្រឿងឡើងទៅ
* ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០ គ្រឿងឡើងទៅ និង
* ជលយានគ្រប់ប្រភេទចាប់ពី ៥ គ្រឿងឡើងទៅ។

លោក ឌឹម សុវណ្ណារុំ បានបន្តទៀតថា គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត ។ ការជូនដំណឹងនេះត្រូវបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់អំពីកាលបរិច្ឆេទ ពេលវេលានៃការហែក្បួន ទីតាំងប្រមូលផ្តុំ តម្រាយផ្លូវដែលត្រូវហែក្បួន ទីតាំងរំសាយ ចំនួនអ្នកចូលរួម និងចំនួនយានជំនិះតាមប្រភេទនីមួយៗ។ ជារួម ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវធ្វើឡើងឱ្យស្របតាមនីតិវិធី និងសេចក្តីណែនាំពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ជូនទៀតថា ការឃោសនាបោះឆ្នោត ត្រូវតែមានការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីចូលរួមការពារ ក្នុងដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដំណើរការប្រកបដោយបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ចេញនូវសេចក្តីណែនាំរួមលេខ ០១ ស.ណ.ន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្តីពី «សកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣» ដើម្បីកំណត់យន្តការ/រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រសួង/ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្តរៀបចំ ការបោះឆ្នោត ព្រមទំាងភ្នាក់ងារសន្តិសុខបោះឆ្នោតទំាងអស់ ឱ្យយកចិត្តទុកដាក់សហការអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបានរៀបចំកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត។

លោកបានបន្តថា គោលដៅការពារការឃោសនាបោះឆ្នោត គឺស្ថិតនៅទំាង ១.៦៥២ ឃុំ សង្កាត់ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយកម្លាំងដែលត្រូវប្រើប្រាស់រួមមាន៖

* ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
* អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ និង
* ផែ្នកសឹករងក្រុង ស្រុក ខណ្ឌ ដែលមានកម្លាំងសរុបចំនួន ១៩.៧២៤នាក់។

អំពីនីតិវិធីនៃការពារសន្តិសុខក្នុងពេលការឃោសនាបោះឆ្នោត លោក ឌឹម សុវណ្ណារុំ បានជម្រាបជូនថា ភ្នាក់ងារសន្តិសុខបោះឆ្នោតត្រូវបានចាត់ចែងកម្លាំងការពារក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ និងជុំវិញបរិវេណនៃការជួបជុំ ឬការឃោសនាជាសាធារណៈ ដោយរក្សាឱ្យបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាម កំហែង និងគ្មានអំពើហិង្សា ឬបង្កការអុកឡុក ការរំខាន ឬចលាចលណាមួយ និងការរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយ សម្រាប់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជន គ្រប់ៗរូប។ ភ្នាក់ងារសន្តិសុខបោះឆ្នោត មិនត្រូវទៅឈរក្បែរ ឬដើរកៀកពេកទៅនឹងទីតំាង ឬក្បួនឃោសនាបោះឆ្នោត ឬស្ថិតនៅក្នុងបរិវេណនៃអង្គពិធីឃោសបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ។

ចំពោះការគោរពច្បាប់ចរាចរណ៍ ឯកឧត្ដម ឌឹម សុវណ្ណារុំ បានបញ្ជាក់ជូនថា គណៈកម្មា- ធិការជាតិរៀបចំការបោះឆ្នោត ក៏បានដាក់ចេញនូវសេក្តីណែនាំលេខ ០៣៧ គ.ជ.ប ស.ណ.ន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ផងដែរ ដើម្បីកំណត់ទម្រង់ និងទំហំនៃការហែក្បួនឃោសនាបោះឆ្នោត ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យគណបក្សនយោបាយយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវ សណ្តាប់ធ្នាប់ល្អ តាមដងផ្លូវ ទីប្រជុំជន តាមទីសាធារណៈ និងយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងកិច្ចប្រជុំនោះមានចំណាប់អារម្មណ៍ និងសំណួររបស់ភាគីពាក់ព័ន្ធផ្តោតលើការការពារសន្តិសុខ សុវត្ថិភាពក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលជាបច្ចេកទេស និងនិតិវិធីនៃការការពារនោះធ្វើឡើងដូចម្តេច?

តំណាង គ.ជ.ប បានបញ្ជាក់ជូនទៅតាមនីតិវិធី និងបានលើកយកសេចក្តីណែនាំរួមរវាង គ.ជ.ប ជាមួយក្រសួងមហាផ្ទៃ លេខ ០១ ស.ណ.ន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ជាមួយគ្នានេះ គ.ជ.ប សូមឱ្យគណបក្សនយោបាយធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពេលធ្វើសកម្មភាពឃោសនាបោះឆ្នោត។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតនេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងការពារជាតិ គណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មន្ត្រីស្ថានទូតអូស្រ្តាលី មន្ត្រីស្ថានទូតជប៉ុន មន្ត្រីស្ថានទូតរុស្ស៊ី និងអ្នកសារព័ត៌មាន ចំនួនប្រមាណ ៧០ នាក់៕