(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គភាពការពារកុមារ CPU បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការស៉ើបអង្កេតករណីប៉ះទង្កិចធ្ងន់ធ្ងរ (គ្រោះថ្នាក់ចរាចរណ៍) រយៈពេល៥ថ្ងៃ ហើយត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង និងលោក ជេម ម៉ាកខេប (JAME McCABE) នាយកប្រតិបត្តិអង្គភាពការពារកុមារ CHILD PROTECTION UNIT-CPU។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមេរៀនសំខាន់ៗមួយចំនួនដូចជា៖ និយមន័យ នៃការប៉ះទង្កិច និងការស៉ើបអង្កេត, ការយល់ដឹងអំពីកន្លែងកើតហេតុ និងមូលហេតុ, ករណីបុករត់ និងការទទួលខុសត្រូវ, ករណីបុកថ្មើរជើង អ្នកជិះកង់ អ្នកជិះម៉ូតូ, ការត្រួតពិនិត្យយានយន្ដគ្រោះថ្នាក់, ការពិនិត្យសាកសព, ច្បាប់ និងសិទ្ធិរបស់នគរបាល, សម្ភារចាំបាច់បម្រើដល់ការស៉ើបអង្កេត, ករណីសិក្សាពីប្រទេសអូស្ដ្រាលី និងអនុវត្តជាក់ស្ដែងពិនិត្យរថយន្ដគ្រោះថ្នាក់។

ថ្លែងក្នុងឱកាសនោះ លោក ជេម ម៉ាកខេប (JAME McCABE) បានលើកឡើងថា បើទោះបីច្បាប់របស់ប្រទេសកម្ពុជា និងអូស្ដ្រាលី មានការខុសគ្នាក៏ពិតមែន ប៉ុន្ដែការស៉ើបអង្កេតករណីបុកប៉ះទង្កិចធ្ងន់ធរមិនមានការខុសគ្នានោះទេ។ លោកសង្ឃឹមថា សិក្ខាកាមបានសិក្សារៀនសូត្រនូវវិធីសាស្ដ្រថ្មីៗនេះ ដើម្បីយកទៅចែករំលែកជាមួយសហការីនៅពេលត្រឡប់ទៅបម្រើការងារនៅតាមអង្គភាពវិញ។

លោកបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលលើកនេះ គឺជាលើកទី៣ហើយ ដែលក្នុងការសិក្សានេះមានគ្រូដែលមានបទពិសោធន៍ជ្រៅជ្រះ មកធ្វើការបង្ហាត់បង្ហាញ ខណៈការធ្វើផែនការសម្រាប់ការបណ្ដុះបណ្ដាលនេះ គឺត្រូវបានពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីឲ្យវគ្គសិក្សានេះដំណើរការទៅដោយរលូន ព្រមទាំងបង្កើតនូវចំណេះជំនាញបន្ថែមទៀត ដល់មន្ដ្រីនគរបាលរបស់កម្ពុជា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានបង្ហាញនូវក្ដីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងប្រទេសកម្ពុជា និងអូស្ដ្រាលី ពិសេសរវាងនគរបាលកម្ពុជា និងនគរបាលអូស្ដ្រាលី ហើយក្នុងរយៈពេល៥ថ្ងៃ នៃការសិក្សាកន្លងទៅនេះ លោកមើលឃើញថា គ្រូឧទ្ទេសនាមទាំងអស់ ដែលមានទាំងនាយនគរបាលជាន់ខ្ពស់អូស្ដ្រាលី និងគ្រូមិនមែនជានគរបាល បានប្រព្រឹត្តទៅដោយជោគជ័យ និងផ្លែផ្លាដើម្បីជាឧត្តមប្រយោជន៍សម្រាប់មន្ដ្រីនគរបាលជំនាញ។

លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានយល់ឃើញថា ការបណ្ដុះបណ្ដាលគួរបន្ថែមមន្ដ្រីនគរបាលបង្ការ និងពន្លត់អគ្គិភ័យមួយទៀត ដោយហេតុថា មន្ដ្រីនគរបាលពន្លត់អគ្គិភ័យមិនមែនមានតួនាទីត្រឹមតែបាញ់ទឹកពន្លត់នោះទេ ពោលគាត់មានតួនាទីសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍ដែលបានកើតឡើង នៅតាមបណ្ដាអគារ ឬសំណង់លំនៅឋាន ឬទីតាំងផ្សេងៗជាដើម ដូច្នេះវគ្គសិក្សានេះមានសារៈសំខាន់ និងចាំបាច់។

បន្ថែមពីនេះ លោកប្រធាននាយកដ្ឋាន បានធ្វើការផ្ដាំផ្ញើដល់សិក្ខាកាមជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក និងនគរបាលបច្ចេកទេសវិទ្យាសាស្ដ្ររាជធានី-ខេត្តទាំង២៥ នៅពេលត្រឡប់ទៅបម្រើអង្គភាពត្រូវយកចំណេះជំនាញ និងបទពិសោធន៍ ប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចែករំលែកបទពិសោធន៍ទៅកាន់សហការីរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ព្រោះការងារនេះមានសារៈសំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ច។

លើសពីនេះ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានក្រើនរំលឹកដល់សិក្ខាកាមដែលភាគច្រើនជាថ្នាក់ដឹកនាំអង្គភាពការិយាល័យនគរបាលចរាចរណ៍ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រ ត្រូវធ្វើជាគំរូដល់មន្ដ្រីរបស់ខ្លួនក្នុងការបំពេញការងារ ជៀសវាងនូវការតិះតៀនពីប្រជាពលរដ្ឋ ព្រោះកិត្តិយស និងសេចក្ដីថ្លៃថ្នូរនៅលើឯកសណ្ឋានដែលខ្លួនកំពុងគ្រងនៅពេលនេះ៕