(កំពង់ធំ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ បានលើកឡើងថា កងកម្លាំង និងសមត្ថកិច្ចទាំងអស់ ត្រូវមានភាពអព្យាក្រឹត ក្នុងការថែរក្សាសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ ពិសេសកំឡុងយុទ្ធនាការឃោសនាជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ។ ប៉ុន្ដែអ្វីដែលសំខាន់ ត្រូវការពារភាពត្រឹមត្រូវដាច់ខាត មិនអាចឲ្យជនណាមកធ្វើវិទ្ធង្សនា ឬធ្វើឲ្យខូចសណ្ដាប់ធ្នាប់ នៃដំណើរការបោះឆ្នោតនោះទេ។
ការលើកឡើងនេះ បន្ទាប់ពីក្រុមការងារថ្នាក់ជាតិ និងជាប្រធានក្រុមការងារចុះជួយឃុំច្រនាង និងឃុំស្វាយភ្លើងខាងលើ បន្ដដឹកនាំសហការី ចុះជួបសំណេះសំណាលជាមួយអាជ្ញាធររដ្ឋបាលស្រុកតាំងគោក កងកម្លាំង សមត្ថភាព និងប្រជាការពារជិត ៤០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ ដើម្បីស្ដាប់ពីសភាពការណ៍បក្ស និងណែនាំពីការងារសំខាន់ៗឆ្ពោះទៅការបើកយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត នាពេលឆាប់ៗខាងមុខ។
លោកបានបញ្ជាក់ថា គ្រប់ជោគជ័យ នៃព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិធំៗ មិនអាចកាត់ផ្ដាច់ពីកងកម្លាំងថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងការសង្គ្រោះបឋមបានទេ។ ដូច្នេះកងកម្លាំង និងសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមសហការ និងសម្រួលជាមួយក្រុមការងារថ្នាក់ជាតិ ដែលចុះជួយស្រុក ភូមិ-ឃុំនានា ក៏ដូចជាធ្វើការជាមួយរដ្ឋអំណាចស្រុក ភូមិ-ឃុំ ដើម្បីធានាបាននូវសុខសុវត្ថិភាពគ្រប់ច្រក់ល្ហក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានមនុស្សមកពីគ្រប់ទិសទី និងមានមមាញឹកតាមដងផ្លូវផងនោះ។
លោកសង្កត់ធ្ងន់ថា «ក្នុងដំណើរការបោះឆ្នោត កងកម្លាំង គឺស្ថិតក្នុងភាពអព្យាក្រឹត្យ។ យើងថែរក្សា សុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ តែក៏ត្រូវការពារភាពត្រឹមត្រូវ នៃការបោះឆ្នោត មិនអាចមានមនុស្សមួយមកធ្វើវិទ្ធង្សនា ឬធ្វើឲ្យខូចសណ្ដាប់ធ្នាប់ នៃដំណើរការបោះឆ្នោតឡើយ។ គោលការណ៍រាជរដ្ឋាភិបាល បានចែងច្បាស់ ហើយកម្លាំងសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ ក្រៅពីការពារសន្ដិសុខសណ្ដាប់ធ្នាប់ គឺការពារច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។ អ្វីគេជាច្បាប់ ឬនីតិវិធីបោះឆ្នោត? គឺហាមផ្ដាច់នូវការបំពានច្បាប់នៃការបោះឆ្នោត។ អ្នកដែលបំពាន ឬរំលោភលើច្បាប់បោះឆ្នោត គឺជាអ្នកដែលត្រូវជាប់ទោសដូចគ្នា»។
ឆ្លៀតឱកាសនោះដែរ លោក វ៉ាត់ ចំរើន ក៏បានរំឮកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្មីៗ ចំពោះការស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញា ក៏ដូចជាកែច្បាប់បោះឆ្នោត សម្រាប់អ្នកមិនទៅបោះឆ្នោត គឺមានន័យថា ត្រូវបញ្ចប់អាជីពនយោបាយរបស់ខ្លួន។ ហេតុនេះ ប្រជាពលរដ្ឋទាំងអស់ ដែលចង់ធ្វើនយោបាយ ឬចង់ឈរជាបេក្ខភាពឲ្យគេបោះឆ្នោត គឺត្រូវទៅបោះឆ្នោតសិន តែបើមិនទៅបោះឆ្នោត បានន័យថា ជននោះ បោះបង់គោលការណ៍ប្រជាធិបតេត្យរបស់ខ្លួន ហើយក៏អត់មានសិទ្ធក្នុងផ្លូវនយោបាយទៀតដែរ ព្រោះការបោះឆ្នោត គឺជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
លោកបន្ថែមថា «ការបោះឆ្នោត គឺជាការអនុវត្តគោលនយោបាយជាតិ ឆ្ពោះទៅរកសន្ដិភាព និងការអភិវឌ្ឍ។ អ៊ីចឹងអ្នកប្រឆាំងនឹងការបោះឆ្នោត មានន័យថា ប្រឆាំងនឹងការរីកចម្រើនរបស់ប្រទេសជាតិ»។ ត្រង់ចំណុចនេះ លោកបានស្នើឲ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ អំពីការប្រើប្រាស់សិទ្ធរបស់ខ្លួនឲ្យបានត្រឹមត្រូវ ក្នុងដំណើរការប្រជាធិបតេយ្យ ហើយបោះឆ្នោតគាំទ្រគណបក្សណា ដែលផ្ដល់នូវសុខសន្ដិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិ មិនអាចគាំទ្រជនណា ដែលបំផ្លាញ់ជាតិ ហើយក្បត់ឆន្ទៈ និងឧត្តមគតិរបស់ប្រជាជននោះទេ។
ពាក់ព័ន្ធនឹងកងកម្លាំងវិញ តាមគោលការណ៍របស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល កងកម្លាំងទាំងអស់ ត្រូវអព្យាក្រឹត តែជាកងកម្លាំង ដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា គឺជាកងកម្លាំង ដែលការពារគណបក្សផង និងការពាររាជរដ្ឋាភិបាលផង មានន័យថា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជន ដូច្នេះកងកម្លាំង និងសមត្ថកិច្ចទាំងអស់ ត្រូវផ្ដល់នូវភាពកក់ក្ដៅជូនប្រជាជន និងប្រទេសជាតិ ហើយត្រូវការពារសន្ដិភាពឲ្យខានតែបាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ វ៉ាត់ ចំរើន។
ឆ្លៀតឱកាសនោះដែរ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតាំងគោកដដែល ក៏បានជាវនូវសាប៊ូ និងក្រមារអនុស្សាវរីយ៍ចែកជូនកងកម្លាំង សមត្ថភាព និងប្រជាការពារទាំងអស់ ព្រមទាំងថវិកាក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀលផងដែរ៕