(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប បានគូសបញ្ជាក់ថា យ័នការពារសន្តិភាពនៅកម្ពុជា គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នានោះ។
ការគូសបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តប្រាសាទរង្សី ស្ថិតក្នុងភូមិរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
សម្តេចិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យ័នការពារសន្តិភាពនៅកម្ពុជា គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នានោះ ប្រសិទ្ធិភាពលើសអ្វីៗទាំង ដែលយើងអាចនិយាយបានថាយើងការពារបានដាច់ខាត ការពារបាននូវអ្វីៗដែលមានស្រាប់ហើយនេះឱ្យបានស្ថិតស្ថេរគង់វង្ស ហើយនឹងនាំការរីកចម្រើនបន្ថែមទៀតជូនមាតុភូមិ»។
នាឱកាសនោះដែរ សម្តេចពិជ័យសេនា បានថ្លែងថា ជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏មហិមារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមក។ ជាក់ស្តែង ចាប់ពីក្រោយប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដោយមានការចូលរួមគាំទ្រពីបងប្អូនជនរួមជាតិទាំងអស់ រហូតមកដល់បច្ចុប្បន្នប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ «មានជ័យជំនះថ្ងៃ៧ មករា ទើបយើងមានអ្វីៗដូចថ្ងៃនេះ និងមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ»។
សម្តេចបានបន្តថា រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានដឹកនាំស្តារ និងកសាងប្រទេសជាតិឡើងវិញពីគំនរផេះផង់នៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ដោយឆ្លងកាត់ឧបសគ្គ និងការលំបាកនានាឥតគណនា រហូតធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យយ៉ាងឆាប់រហ័ស ហើយបាននឹងកំពុងបំពេញតួនាទីយ៉ាងសកម្មនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ជាក់ស្ដែង រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រង ឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈរៀបចំផែនការចុះពង្រឹងមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ភាពជិតស្និទ្ធរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋានទូទាំងប្រទេស ដោយទទួលបាននូវសមិទ្ធផលសំខាន់ៗជាច្រើនគួរ កត់សម្គាល់រួមមាន៖ រាជរដ្ឋាភិបាលរក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈនៅទូទាំងប្រទេស ជាពិសេសរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងស្ថានភាពដែលសភាពការណ៍ក្នុងតំបន់ និងពិភពលោក កំពុងមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងប្រកប ដោយគ្រោះថ្នាក់ រួមជាមួយនឹងការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ ការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានផលប៉ះពាល់មកលើសន្តិសុខ និងការលូតលាស់សេដ្ឋកិច្ចជាតិ។
តាមលោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឫស្សីលក ស្រុកជីក្រែង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានថែរក្សាសុខសន្តិភាពសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់ វិស័យស្របតាមមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ប្រាកដនិយមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរពស្រឡាញ់របស់ប្រជាជន ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
លោកក៏សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះលទ្ធផលដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលទើបត្រូវបានបិទបញ្ចប់នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជាមួយនឹងមោទនភាពជាតិដ៏ធំអស្ចារ្យ។ ជោគជ័យថ្មីៗនេះពិតជាមានការរួមចំណែកដឹកនាំ និងកិច្ចចង្អុលការដ៏សកម្មឈ្លាសវៃរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាមប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
លោក សៀក សុជាតិ បានបន្តថា ដោយសារប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញមានស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម នៅទូទាំងប្រទេស ស្ថិតក្រោមមាគ៌ាដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការបង្កើតនូវធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ច វប្បធម៌ជាតិ ជាពិសេសវិស័យព្រះពុទ្ធសាសនា ដែលបានកប់បាត់ក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឲ្យមានការរីកចម្រើនឡើងវិញពាសពេញប្រទេសគួរឱ្យកត់សម្គាល់ផងដែរ៕