(ភ្នំពេញ)៖ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បន្តជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ចំនួន៣,៦០០រូប នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា។

ជំនួបនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន និងជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនាថ្ងៃនេះ គឺជាជំនួបលើកទី៣ បន្ទាប់ពីលើកទី១ និងទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ និង២៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដោយសរុបសមាសភាពចូលរួមទាំងបីលើកចំនួន ១២,០០០នាក់។

មុននឹងឈានដល់កម្មវិធីសំណេះសំណាលរបស់គណៈអធិបតីលោក នួន ផារ័ត្ន អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានអញ្ជើញរាយការណ៍ពីសមិទ្ធផល និងសកម្មភាពការងាររបស់ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមចំណែកយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល និងគណបក្ស។

ជាមួយគ្នានេះ ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានចូលរួមផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីគោលនយោបាយសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល និងបក្ស ទៅកាន់ស្រទាប់សមាជិក សមាជិកា នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបានគូសបញ្ជាក់ថា ពិធីសំណេះសំណាលនេះ គឺជាសក្ខីភាពសបញ្ជាក់ថា គណបក្សបានទទួលស្គាល់អ្នកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថាជាកម្លាំងមួយផ្នែកដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីករបៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកដ៏សំខាន់នៅគ្រប់ដំណាក់កាលទាំងអស់៕