(ភ្នំពេញ)៖ លោក កៅ មួយថង អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ប្រព័ន្ធស្បៀង និងសិទ្ធិទទួលបានស្បៀងអាហារ គឺមិនមែនសំដៅទៅលើការផលិតស្បៀងអាហារនោះទេ ប៉ុន្តែយើងចង់និយាយអំពីសិទ្ធិទទួលបានស្បៀងអាហារ ដែលត្រូវគិតគូរអំពីការចែកចាយដោយសមធម៌ ការទទួលបានអាហារមានជីវជាតិ និងថ្លៃស្បៀងអាហារសមរម្យ គឺជាសិទ្ធិដែលប្រជាជនទាំងអស់ត្រូវការ ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ពួកគេឡើយ។

ការលើកឡើងរបស់លោក កៅ មួយថង អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្តីពីប្រព័ន្ធស្បៀង និងសិទ្ធិទទួលបានស្បៀងអាហារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលសហការរៀបចំដោយ វិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញកម្ពុជា (IIRR-Cambodia) និងអង្គការដៃគូអភិវឌ្ឍន៍នានា។

លោក កៅ មួយថង បានបន្តថា សម្រាប់យើងទាំងអស់គ្នាពិតជាមានការយល់ដឹងច្រើនណាស់ហើយអំពី «ប្រព័ន្ធស្បៀង» ដែលវាគ្របដណ្តប់លើគ្រប់សកម្មភាព ដំណើរការ និងតួអង្គពាក់ព័ន្ធក្នុងការផលិតស្បៀងអាហារ ពោលគឺវាពាក់ព័ន្ធតាំងពីការផលិតស្បៀងអាហារ ចាប់ពីការផលិត និងការកែច្នៃ រហូតដល់ការចែកចាយ ការប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់។

លោក កៅ មួយថង បានគូសបញ្ជាក់បន្តថា «ប្រព័ន្ធស្បៀង» គឺមានការភ្ជាប់គ្នាទៅវិញទៅមកនូវសមាសធាតុ និងដំណាក់កាលផ្សេងៗ ដែលរួមចំណែកធ្វើឱ្យមានដំណើរការទាំងមូលនៃខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ។

លោកបានបន្ថែមថា ការយល់ដឹងអំពីប្រព័ន្ធស្បៀងអាហារ មានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង និរន្តរភាព អាហារូបត្ថម្ភ និងសមធម៌។ វាពាក់ព័ន្ធនឹងការវាយតម្លៃ និងការកែលម្អប្រសិទ្ធភាព ភាពធន់ និងយុត្តិធម៌ ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ មានសុវត្ថិភាព មានជីវជាតិ និងសមស្របតាមវប្បធម៌សម្រាប់យើងទាំងអស់គ្នា។

លោក កៅ មួយថង បានលើកបន្តឡើងថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានខិតខំពង្រឹងយន្តការពហុវិស័យ ដោះស្រាយបញ្ហាប្រឈមនានាក្នុងប្រព័ន្ធស្បៀងអាហារនៅកម្ពុជា និងការលើកកម្ពស់សិទ្ធិទទួលបានស្បៀងអាហារ ដែលទាមទារឱ្យមានវិធីសាស្រ្តពហុភាគី ការប្តេជ្ញាចិត្តរួមគ្នាដើម្បីកិច្ចសហប្រតិបត្តិការកសាងប្រព័ន្ធស្បៀង ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា « រាជរដ្ឋាភិបាលនឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ ឬត្រូវបានដកហូតសិទ្ធិជាមូលដ្ឋានក្នុងការទទួលបានស្បៀងអាហារនោះទ្បើយ»។

គួរឱ្យដឹងថា វិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ (IIRR) រួមជាមួយសាកលវិទ្យាល័យ Johns Hopkins, the Alliance of Bioversity International និង CIAT ព្រមទាំងអង្គការ RIKOLTO កំពុងអនុវត្តន៍គម្រោង «លើកកម្ពស់ប្រព័ន្ធស្បៀងដោយមានការចូលរួម» ដែលគាំទ្រថវិកាដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់ទៅលើគោលគំនិតជាមូលដ្ឋាននៃប្រព័ន្ធស្បៀង សិទ្ធិទទួលបានស្បៀងអាហារ តាមរយៈសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកសិករ និងប្រជាជនផ្សេងទៀតដែលរស់នៅក្នុងតំបន់ជនបទ ព្រមទាំងគោលការណ៍ណែនាំស្ម័គ្រចិត្តនៃប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ។ សិក្ខាសាលាបណ្តុះបណ្តាលនឹងពិនិត្យ និងពិភាក្សាស៊ីជម្រៅផងដែរ អំពីបរិបទជាក់លាក់នៃប្រព័ន្ធស្បៀងនៅកម្ពុជា៕