(ណាននីង, ចិន)៖ លោក គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ «រវាងទីក្រុងនិងទីក្រុង» ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះអាសន្ន និងការអភិវឌ្ឍទីក្រុងប្រកបដោយភាពធន់ រវាងសាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៉ី(ADB) និងក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃ​សាធារណ​រដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៉ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសិក្ខាសាលានេះបានការចូលរួមពី លោក Xu Yongke អភិបាលរងតំបន់ស្វយ័តក្វាងស៉ី, តំណាង ធនាគារអភិវឌ្ឍន៍អាស៉ី(ADB), តំណាងអង្គការអន្តរជាតិ, វិស័យឯកជន, មន្ត្រីរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមួយចំនួនទៀត។

កម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ «រវាងទីក្រុងនិងទីក្រុង» ក្នុងគោលបំណងពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាវេទិកាសម្រាប់ការផ្លាស់ប្តូរគំនិតស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងវិស័យផ្សេងៗទៀត ដែលមានផលប្រយោជន៍ទៅវិញទៅមក។

តាមរយៈទស្សនកិច្ចសិក្សា និងសិក្ខាសាលានេះ បានរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការងារ ក្នុងការរួមគ្នាគ្រប់គ្រង នឹងដោះស្រាយវិបត្តគ្រោះមហន្តរាយ ទាំងនៅក្នុងតំបន់ ដើម្បីជាឧត្តមប្រយោជន៍ ផ្តល់ភាពសុខដុមរនា ដល់ប្រជាជន។ លើសពីនេះ វេទិកានឹងស្វែងយល់ពីរបៀបពង្រឹងការដឹកនាំគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងរបៀបបង្កើតប្រព័ន្ធកាន់តែរឹងមាំ ក្នុងការគ្រប់គ្រងហានិភ័យគ្រប់ប្រភេទ រវាងទីក្រុង និងទីក្រុង ក្នុងតំបន់អាស៊ាន៕