(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងអនុប្រធានក្រុមការងារចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បាននាំយកអាវសម្រាប់គ្រូពេទ្យ PPE ចំនួន៧១០ឈុត និងគ្រែសម្រាប់អ្នកជំងឺចំនួន៣ ជូនដល់មន្ទីពេទ្យបង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ។ លោកក៏បានប្រគល់ជូនមណ្ឌលសុខភាពឃុំពពេលផងដែរ នូវគ្រែអ្នកជំងឺចំនួន២ និងអាវពេទ្យ PPE ចំនួន៣៥០ឈុត។
នៅក្នុងឱកាសនោះ លោក កែវ ពិសិដ្ឋ បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងគ្រូពេទ្យទាំងអស់ ដែលកំពុងបម្រើការនៅមន្ទីពេទ្យ ដោយលោកបានលើកឡើងថា ជានិច្ចកាលសម្តេចតែងបានយកចិត្តទុកដាក់ និងផ្តល់អត្ថិភាពខ្ពស់លើវិស័យសុខាភិបាល។
ទន្ទឹមនឹងនេះ លោក កែវ ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មរបស់បុគ្គលិកពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យ លោកវេជ្ជបណ្ឌិតទាំងអស់ ដែលបានខិតខំបម្រើសេវាសុខាភិបាលជូនពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសនៅកំលុងពេលជំងឺកូវីដ១៩ រាលត្បាត ដោយមិនខ្លាចផលប៉ះពាល់សុខភាពផ្ទាល់ខ្លួន និងមិនខ្លាចនឿយហត់ ទោះគ្មានពេលសម្រាកយ៉ាងណាក្តី។ ពលីកម្មរបស់គ្រូពេទ្យ ជាកុសលនិងអំពើល្អ ដែលពលរដ្ឋមិនអាចបំភ្លេចបានឡើយ។
លោកបានទៀតថា សម្រាប់មន្ទីពេទ្យបង្អែកពញាក្រែក នៃខេត្តត្បូងឃ្មុំនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តែងបានយកចិត្តដាក់យា៉ងខ្លាំង ដោយសម្តេចបានជួយឧបត្ថម្ភជាសម្ភារបរិក្ខាពេទ្យ និងថវិកាជាច្រើនឆ្ នាំមកហើយគិតចាប់តាំងពីឆ្នាំ២០០៦មក។ នៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩កន្លងមកនេះ សម្តេច ហេង សំរិន បានឧបត្ថម្ភថវិកាចំនួន៨០លានរៀល, លោក វង សូត ចំនួន៤០លានរៀល និងលោកផ្ទាល់២០លានរៀល សម្រាប់បម្រើដល់ការងារកូវីដ ក្នុងក្របខ័ណ្ឌ នៃខេត្តត្បូងឃ្មុំផងដែរ។
ជាមួយគ្នានេះ លោកបានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់ បន្តសកម្មភាពមនុស្សធម៌ នៅក្នុងការព្យាបាលជំងឺពលរដ្ឋជាបន្តទៀត ដោយប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានខ្ពស់បំផុត។ លោក កែវ ពិសិដ្ឋ បានឧបត្ថម្ភថវិកា១លានរៀល ដល់មន្ទីពេទ្យបង្អែកពញាក្រែក ព្រមទាំងបានឧបត្ថម្ភថវិកាដល់បុគ្គលិកពេទ្យ ចំនួន៨២នាក់ ក្នុងម្នាក់ៗបាន៥ម៉ឺនរៀល៕