(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅតែអះអាងថា មូលនិធិសមធម៌សុខាភិបាល (ម.ស.ស) សម្រាប់ការពិនិត្យព្យាបាល និងពិគ្រោះដោយមិនបង់ថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ក៏ត្រូវទទួលបានការយកចិត្តទុកដាក់ ដូចអ្នកដែលទៅទទួលសេវាដោយបង់ថ្លៃដូចគ្នាដែរ ដោយគ្មានការរើសអើងនោះឡើយ។
នេះបើតាមការលើកឡើងរបស់លោក ម៉ឺង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីដាក់ឲ្យអនុវត្តរបបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
លោក ម៉ឹង វណ្ណារុំ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះការផ្ដល់សេវាសុខាភិបាល ទោះបីអ្នកទៅទទួលសេវាបង់ថ្លៃដោយខ្លួនឯង ឬមួយអ្នកកាន់ប័ណ្ណ ម.ស.ស ទទួលបានការយកចិត្តទុកដាក់ ក្នុងការថែទាំព្យាបាលដូចៗគ្នា ដោយគ្មានការរើសអើង»។
មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា ជាគោលការណ៍ដូចមានចែង ក្នុងឯកសារគោលរបស់រាជរដ្ឋាភិបាល និងប្រកាសអន្ដរក្រសួង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទៅទទួលសេវាសុខាភិបាលនៅទីតាំងដែលជិតបំផុត ដោយកាត់បន្ថយការចំណាយផ្សេងៗ និងទទួលសេវាបានលឿន។ ប៉ុន្ដែក្នុងករណីមានការងារបន្ទាន់ ប្រជាពលរដ្ឋអាចទៅទទួលសេវាសុខាភិបាលថ្នាក់ខ្ពស់ ដូចជាមន្ទីររាជធានី-ខេត្ត ឬមន្ទីរពេទ្យជាតិ។
បើតាមលោក ម៉ឺង វណ្ណារុំ, បច្ចុប្បន្នមូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន១,៣៦០ ក្នុងនោះមានមន្ទីរពេទ្យជាតិ, មន្ទីរពេទ្យរាជធានី-ខេត្ត, មន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ និងមណ្ឌលសុខភាព។ សម្រាប់សេវាដែលផ្ដល់ជូនអ្នកកាន់ប័ណ្ណ ម.ស.ស មានទាំងសេវាពិនិត្យពិគ្រោះជំងឺក្រៅ (រួមបញ្ចូលទាំងការពិនិត្យផ្ទៃពោះមុនសម្រាល ក្រោយសម្រាល និងសេវាបន្ទាប់បន្សំផ្សេងៗទៀត) និងសេវាសម្រាកពេទ្យ។
លោកបានបញ្ជាក់ទៀតថា ការរៀបចំមូលនិធិសមធម៌នេះ ផ្អែកទៅលើគោលការណ៍គ្រឹះសំខាន់ៗ មួយចំនួនដូចជា ការគ្រប់ដណ្ដប់សេវាសុខាភិបាលជាសកល ផ្ដោតលើប្រជាជនក្រីក្រ ជនងាយរងគ្រោះ ការគាំពារហានិភ័យហិរញ្ញវត្ថុ សេវាថែទាំសុខាភិបាល អភិបាលកិច្ចល្អ និងគណនេយ្យភាព៕