(កំពង់ធំ)៖ លោក ឃួន សុវណ្ណ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានឃុំឈូក បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារភូមិ ឃុំឈូក ស្រុកប្រាសាទសំបូរ ចំនួន១៩៦នាក់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

លោក ឃួន សុវណ្ណ ថ្លែងថា ប្រជាការពារ គឺជាកម្លាំងមួយដែលមិនអាចខ្វះបានក្នុងការពង្រឹង និងការពារសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅមុនពេលបោះឆ្នោត នាពេលខាងមុខនេះ កំឡុងពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងដឹកជញ្ជូនសន្លឹកឆ្នោត ឱ្យបានដល់គោលដៅនិងទទួលបានជោគជ័យ។

លោកបានលើកទឹកចិត្ត កម្លាំងការពារទាំងអស់ ត្រៀមលក្ខណៈការពារតាមគោលដៅនៃការិយាល័យបោះឆ្នោត ឱ្យបានល្អ១០០% ដោយមិនឱ្យជនណាម្នាក់មកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ជាពិសេសការរារាំងប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោតនោះទេ ដែលជាទង្វើមួយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ។  

លោកបន្ថែមទៀតថា «ទោះបីយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការការពារក៏ដោយ ប៉ុន្តែយើងមិនត្រូវភ្លេចរូតរះចូលរួមបោះឆ្នោតនោះទេ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់នៅក្នុងសង្គមជាតិ»