(ភ្នំពេញ)៖ បុគ្គលដែលបម្រើការក្នុងសេវាកម្សាន្ដទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ដ្រីដែលបម្រើការនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្គាឌិន, កន្លែងម៉ាស្សា និងស្ប៉ាជាដើមនោះ កំពុងទទួលបានការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យដូចអ្នកដែលបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដូចជាកម្មករ កម្មការិនីដែរនោះ។
ការគិតគូរដើម្បីឲ្យដូចគ្នាជាមួយកម្មករ កម្មការិនី នៅពេលនេះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ នូវរបបថែទាំសុខភាពតាមប្រព័ន្ធ មូលនិធិសមធ៌សុខាភិបាល ដោយការផ្ដល់ជូននូវប័ណ្ណសម្រាប់ពិនិត្យសុខភាព ដោយមិនបង់ថ្លៃ។ ប័ណ្ណនេះត្រូវបានផ្ដល់ជូនឲ្យប្រើប្រាស់ សម្រាប់បុគ្គលដែលបម្រើការ ក្នុងសេវាកម្សាន្ដទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានសុពលភាពរយៈពេល១ឆ្នាំ ហើយក្រោយផុតសុពលភាព ប្រសិនបើពួកគាត់មិនបានផ្លាស់ប្ដូរការងារទេនោះ គឺអាចយកទៅបន្ដសុពលភាពបាន។
សម្រាប់នីតិវិធីដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ប័ណ្ណ ម.ស.ស) នោះ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានក្នុងវិស័យសេវាកម្សាន្ដទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្ដទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ហើយត្រូវបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង ស្រុក ខណ្ឌ សម្រាប់ផ្ទៀតផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្ដិសុខសង្គម ដើម្បីចុះបញ្ជី។
ដោយឡែក បុគ្គលបម្រើការងារ ដែលមិនស្ថិតក្រោមកិច្ចសន្យាការងារ (អ្នកដែលមិនយកប្រាក់ខែពីម្ចាស់ទីតាំង ពោលទទួលកម្រៃពីភ្ញៀវផ្ទាល់) ក្នុងវិស័យសេវាកម្សាន្ដទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានសិទ្ធិដាក់ពាក្យស្នើសុំប័ណ្ណមូលនិធិសមធម៌សុខាភិបាលដោយផ្ទាល់ ទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង ស្រុក ខណ្ឌ សម្រាប់ផ្ទៀងផ្ទាល់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្ដិសុខសង្គម ដើម្បីចុះបញ្ជី។
រាល់ការចំណាយលើការផ្ដល់សេវាថែទាំសុខភាព បុគ្គលបម្រើការក្នុង រង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្គាឌិន, កន្លែងម៉ាស្សា និងស្ប៉ា គឺរដ្ឋជាអ្នកទទួលបន្ទុក។ ការគិតគូរនេះធ្វើឡើង ក្នុងគោលបំណងធានាឲ្យបាននូវសន្ដិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប៕
សូមស្ដាប់ការពន្យល់អំពីនីតិវិធីរបស់មន្ដ្រីជំនាញ៖