(បន្ទាយមានជ័យ)៖ លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុកស្ថិតិទីផ្សារសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ដ្រីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងការិយាល័យអប់រំ ស្រុក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេ ចុះទៅអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយមានការចូលរួមពីសិស្សានុសិស្សជាង២០០នាក់។

លោក ហុង លៀង បានថ្លែងថា បន្ទាប់ពីមានការចង្អុលបង្ហាញពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ យើងបានរៀបចំវគ្គផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនេះ គឺធ្វើឡើងក្នុងគោលបំណងឲ្យ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ មានចំណេះដឹងជាមូលដ្ឋានអំពីអ្វីទៅដែលហៅថា «សុវត្ថិភាពម្ហូបអាហារ» និងដោយឡែកគឺបានបង្ហាញឲ្យប្អូនៗយល់ដឹងអំពីផល ប៉ះពាល់ នៃសារធាតុគីមី ហាមឃាត់លើម្ហូបអាហារ។

លោកបន្ដថា វគ្គផ្សព្វផ្សាយក៏បានលំអិតអំពីរបៀបនៃការពិនិត្យមើល អនាម័យលើចំណីអាហារផ្ទាល់ ការដាក់តាំងលក់ និងការពិនិត្យភាពហ្មត់ចត់ នៃសំបកវេចខ្ចប់ និងរបៀបមើលកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ផងដែរ។ លើសពីនេះទៀត វគ្គផ្សព្វផ្សាយនេះ ក៏បានសង្កត់ធ្ងន់ដែរឲ្យប្អូនៗ បានយល់ដឹងអំពីតួនាទីអ្នកប្រើប្រាស់ ក្នុងក្របខណ្ឌ នៃការរួមចំណែកទប់ស្កាត់ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាពលើទីផ្សារ។

លោកក៏បានបញ្ជាក់ដែរថា វគ្គផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរៀបចំធ្វើឡើងបន្តបន្ទាប់ដោយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ឃុំ ស្រុក ខេត្ត ក្រុងទាំង២៤ និងតាមបណ្តាគ្រឹះស្ថានអប់រំនានា ទូទាំងប្រទេស។

ជាងនេះទៅទៀត មន្ត្រីជំនាញកាំកុងត្រូល ក៏បានសំណូមពរឲ្យបងប្អូនអាជីវករ ពាណិជ្ជករ មេត្តាសហការជាមួយសមត្ថកិច្ច ធានានូវភាពទទួលខុសត្រូវខ្ពស់ កុំលាក់លៀមទីតាំងផលិត ប្រភពនាំចូល ក៏ដូចជាការបន្តការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ហើយការទិញដូរត្រូវតែមានវិក័យប័ត្រច្បាស់លាស់ ឬទទួលទិញទំនិញណាដែលស្គាល់ប្រភព និងអាស័យដ្ឋានត្រឹមត្រូវ​ងាយស្រួល ដល់សមត្ថកិច្ចចាត់ វិធានការផ្លូវច្បាប់៕