(ព្រះវិហារ)៖ សមិទ្ធិផលនានានៅក្នុងវត្តទក្សិណគីរី ហៅវត្តសំឡាញ ស្ថិតក្នុងភូមិសំឡាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក យ៉ុង គឹមហាន អភិបាលរងខេត្តព្រះវិហារ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្គើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមានវត្តមានក្នុងកម្មវិធីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។
លោក មាស សុភា បានថ្លែងទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់លើវិស័យសាសនា។ លោកថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ដោយផ្នែកពុទ្ធចក្របានដើរតួនាទីជួយសង្គមលើការអប់រំពីអំពើល្អ អំពើមនុស្សធម៌ ចំពោះផ្នែកអាណាចក្រដែលមានការរីកចម្រើនក៏បានជួយដល់ការរីកចម្រើននៃព្រះពុទ្ធសាសនាដែរ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ពិសេសលោក សំ លាងទ្រី ដែលបានផ្តួចផ្តើមកសាងសមិទ្ធិផលនៅក្នុងវត្តនេះ ហើយក៏សូមអរគុណសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាថវិកាសាងសង់ រហូតធ្វើឱ្យសមិទ្ធិផលនៅក្ន្ងវត្តនេះបានកើតឡើងយ៉ាងស្រស់ស្អាត នឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងប្រាប់ប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរងង្វែង ដើម្បីឱ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍរីកចម្រើន តទៅទៀត។ ត្រូវចូលរួមគាំទ្រយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ពិសេសលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភា។
ជាមួយគ្នានេះត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខឱ្យបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា សមិទ្ធិផលនានានៅក្នុងវត្តទក្សិណគីរី ហៅវត្តសំឡាញ ដែលត្រូវសម្ពោធ ដាក់ ឱ្យប្រើប្រាស់នៅថ្ងៃនេះរួមមាន ខ្លោងទ្វារវត្តសាងសង់អស់ថវិកាចំនួន២៥០០០ដុល្លារ រូបដំរី១គូរសាងសង់អស់ថវិកាចំនួន១០០០ដុល្លារ និងរបងសាងសង់អស់ថវិកាចំនួន២០៣០០ដុល្លារ៕