(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នៅគេហដ្ឋានលោកស្រី ញ៉ែម សាខន សខេង ភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបាត់ដំបង បានធ្វើពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានបច្ច័យដល់ព្រះសង្ឃចំនួន៣៣វត្ត ក្នុងនោះវត្តគណ:ធម្មយុត្តិតកនិកាយ៣វត្ត គណ:មហានិកាយ៣០វត្ត ក្នុងខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសលជូន មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅហើយនោះ។
ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង៣៣វត្ត ដោយវត្តនីមួយៗទទួលបានទៀនវស្សា១គូរ ស្លាដក់១ អង្ករ៥០គីឡូក្រាម មី៣កេស ទឹកក្រូច៣កេស ផ្លែឈើ១កន្រ្តក ទឹកបរិសុទ្ធ២កេស ស្ករស២៥ គីឡូក្រាម ទឹកដោះគោខាប់១កេស ត្រីខ២កេសធំ ទឹកត្រី២យួ ទឹកស៊ីវអ៊ីវ២យួរ អំបិល២យួរ ប្រេងឆា២ធុង អំបិល១០កញ្ចប់ ប៊ីចេង១គីឡូក្រាម សៀង២ធុង នំអន្សម១កន្ត្រក ប្រេងម៉ាស៊ូត១កាដុង និងបច្ច័យ១ចំនួន។
ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែបឋមអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថាព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស តកូន តចៅ រហូតមកដល់បច្ចុប្បន្ននេះ៕