(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានលើកឡើងថា ការហ្វឹកហ្វឺនពិតជាមានសារៈសំខាន់ណាស់ ក្នុងទិសដៅកសាងពង្រឹងសមត្ថភាព ដល់កម្លាំងមួកខៀវលើជំនាញអាវុធហត្ថ ដើម្បីបន្តចូលរួមចំណែកក្នុងការអនុវត្តតួនាទីជាអ្នកអនុវត្តច្បាប់ នគរបាលយុត្តិធម៌ បង្ក្រាបបទល្មើសផ្សេងៗ ដែលអង្គការសហប្រជាតិប្រគល់ឱ្យ។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធី «បិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថ ត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងមជ្ឈមណ្ឌលជាតិ» ដោយមាន ការអញ្ជើញពី ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ នាយកនៃនាយកដ្ឋានប្រតិបត្តិការ ផែនការ និងហ្វឹកហ្វឺន លោកស្រី Noemie Pinta (ណូអេមី ពីនតា) លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងយោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមច្រើន។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏សូមសម្ដែងការកោតសរសើរចំពោះស្ថាប័នចំណុះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ពិសេសវិទ្យាស្ថានហ្វឹកហ្វឺន ដែលជាថ្នាលបណ្តុះបណ្តាលជាបន្តបន្ទាប់ទាំងវគ្គហ្វឹកហ្វឺន ម្ចាស់ការខ្លួនឯង និងវគ្គហ្វឹកហ្វឺនជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីធ្វើនវានុវត្តន៍ចំណេះដឹង ចំណេះធ្វើ ឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃស្ថានការណ៍ជាក់ស្តែងលើសកលលោក។ លោកសូមកោតសរសើរចំពោះ យោធាចារ្យមកបារាំង ដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការឧទ្ទេសនាម និងបង្ហាត់បង្រៀន ប្រកបដោយទេពកោសល្យខ្ពស់ និងបទពិសោធន៍ជូនដល់សិក្ខាកាមកម្ពុជា។
លើសពីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
*១៖ ពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាពស្អិតរមួតរវាងកម្ពុជា-បារាំង ឱ្យបានកាន់តែល្អប្រសើរថែមទៀត
*២៖ គ្រប់ស្ថាប័នជំនាញរបស់មជ្ឈមណ្ឌលជាតិ ត្រូវបន្តលើកកំពស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែក អនុវត្តភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង គណៈកម្មាធិការជាតិប្រគល់ឱ្យ
*៣៖ ចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គសិក្សានាពេលនេះ ត្រូវស្វ័យសិក្សាដោយខ្លួនឯង នៅផ្ទះផង នៅសាលាផង ជាមួយមិត្តភក្រ្ត និងការដកបទពិសោធន៍ពីបណ្តាប្រទេសជឿនលឿន គោរពវិន័យឱ្យបានល្អ យកចំណេះដឹងទាំងនេះ ទៅបំរើជាតិ មាតុភូមិ និងបេសកកម្មរក្សាសន្តិភាពឱ្យបានល្អប្រសើរ ព្រមទាំងត្រៀមលក្ខណៈទទួលរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិ ដើម្បីចេញបំពេញបេសកកម្មបានទាន់ពេលវេលានៅពេលមានសំណូមពរពី អ.ស.ប និងដើម្បីអនុវត្តភារកិច្ចជាកម្លាំងរក្សាសន្តិភាព ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត
*៤៖ រាល់ពេលចេញបំពេញបេសកកម្ម ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ច្បាប់ បទបញ្ញាតិនានា និងក្រមសីលធម៌របស់ អ.ស.ប អោយខានតែបាន ពិសេសគេចអោយផុតពីអំពើហឹង្សា និងការជួញដូរផ្លូវភេទ
*៥៖ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ មានកម្លាំងពលំ មាំមួន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល (ហូបស្អាត ផឹកស្អាត រស់នៅស្អាត)
*៦៖ បន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យបានម៉ឺងម៉ាត់។
បើតាម ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ បានឱ្យដឹងថា មកទល់នឹងបច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ បានផ្តល់ការហ្វឹកហ្វឺនក្នុងនិងក្រៅប្រទេសដល់សិក្ខាកាមជាតិ អន្តរជាតិ សរុបចំនួន ៥២៥វគ្គ សិក្ខាកាមចំនួន ២៥,៣០២នាក់ (ហ្វឹកហ្វឺនក្នុងប្រទេសចំនួន ២៨៣វគ្គ មានសិក្ខាកាមសរុបចំនួន ២៤,១៩៦នាក់ ក្រៅប្រទេសចំនួន ២៤២វគ្គ មានសិក្ខាកាម សរុបចំនួន ១,១០៦នាក់) មកពីប្រទេសតូចធំ ដែលស្នេហាសន្តិភាព និងចង់បានសន្តិភាព។
ឧត្តមសេនីយ៍ទោ បានបន្ដទៀតថា ចំពោះវគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៥នាក់ ក្នុងនោះមាននារីចំនួន ១៨នាក់ មកពីបណ្តាឯកភាពនានា នៃកងយោធពលខេមរភូមិន្ទ។ សិក្ខាកាមទាំងអស់ត្រូវបានជ្រើសរើស សំរិតសំរាំង ពិសេសត្រូវមានចំណេះដឹងផ្នែកភាសាបារាំង និងអង់គ្លេស ព្រមទាំងធ្លាប់មានបទពិសោធន៍ធ្លាប់ បានចេញបំពេញបេសកម្មរក្សាសន្តិភាព ក្រោមឆ័ត្រ អ.ស.ប ដើម្បីត្រៀមធ្វើការប្តូរវេននាពេលខាងមុខ៕