(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការដា្ឋនជួសជុលផ្លូវ បេតុងកៅស៊ូចំនួន ៣ខ្សែ មានប្រវែងជិត១គីឡូម៉ែត្រ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីជួយសម្រួលដល់ការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល។ ក្នុងពិធីនោះដែរក៏មានការចែកជូនអំណោយជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា ផ្លូវនៅសង្កាត់បឹងសាឡាងដែលបានទទួលនូវការជួសជុលនេះមានចំនួន ៣ខ្សែ រួមមាន៖ ផ្លូវលេខ២៤៧ ចាប់ពីផ្លូវ៣៣៦ ដល់ផ្លូវ២៧១ ប្រវែង ៣៩៧ម៉ែត្រ ទទឹង ៨ម៉ែត្រ, ផ្លូវលេខ២៦១ស្ទួន ចាប់ពីផ្លូវលេខ៣៧២ ដល់ផ្លូវលេខ៣២៤ ប្រវែង ៣៤៧ម៉ែត្រ ទទឹង ៨ម៉ែត្រ និង ផ្លូវលេខ២៥១ ចាប់ពីផ្លូវលេខ៣៣៦ ដល់ផ្លូវលេខ២៤៧ ប្រវែង ២៤០ម៉ែត្រ ទទឹង ៥,៦ម៉ែត្រ។
លោក ជា ពិសី បានឱ្យដឹងទៀតថា ការជួសជុលផ្លូវទាំង ៣ខ្សែនេះ ទទួលបានឧបត្ថម្ភគាំទ្រដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោក លោកស្រីអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ហើយសកម្មភាពនេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាគិតគូរសុខទុក្ខ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសសម្ដេចតេជោ បានប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ១៩ ទទួលបានជោគជ័យ ក្នុងការពារអាយុជីវិតរបស់ប្រជាជនបានល្អប្រពៃ និងខិតខំរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋផងដែរ។
លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ដែរថា ការបើកការដ្ឋានសាងសង់នាពេលនេះគឺបានបង្ហាញជាថ្មី នូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់ ខណ្ឌទួលគោក ក្នុងចំណោមផ្លូវជាច្រើនផ្សេងៗទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌទួលគោកទាំងមូល។
លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា បើកការដ្ឋានជួសជុលផ្លូវបេតុងកៅស៊ូ ៣ខ្សែ ជាការធ្វើតាមសន្យារបស់គណបក្សប្រជាជនកម្ពុជា ដោយមិនចាំបាច់រង់ចាំការបោះឆ្នោតរួចនោះទេ ហើយការធ្វើនេះគឺធ្វើប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋ អាចប្រើប្រាស់បានយូរអង្វែង និងធ្វើដោយមិនឱ្យមានការប៉ះពាល់ដល់ការប្រកបការងាររបស់ប្រជាពលរដ្ឋយូរនោះឡើយ។
លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា ការសម្រេចបើកការដ្ឋានសាងសង់ផ្លូវជាបន្តបន្ទាប់នេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ទើបធ្វើឱ្យសេដ្ឋកិច្ចការរីកចម្រើន ហើយក៏មានកំណើននៃការប្រើប្រាស់យានជំនិះមានការកើនឡើងជាបន្តបន្ទាប់ ទើបក្រុមការងាចេះតែបន្តបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់ដូចគ្នាផងដែរ។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានសំណូមពរនិងសុំការយោគយល់ អធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅតាមដងផ្លូវនេះ នៅពេលការស្ថាបនាផ្លូវ តែងមានការប៉ះពាល់ ម៉្យាងទៀតសូមអាជ្ញាធរ និងប្រជាជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះឲ្យមានសោភ័ណភាព ប្រើប្រាស់បានយូរអង្វែង៕