(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តប្រាសាទរង្សី ស្ថិតក្នុងភូមិរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
ពិធីនេះការអញ្ជើញចូលរួមសំណាក់សមាជិក សមាជិការព្រឹទ្ធសភា រដ្ឋសភា អ្នកតំណាងរាស្ត្រ សមាជិករាជរដ្ឋាភិបាល ព្រមទាំងក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ ប្រជាពលរដ្ឋសូមជឿជាក់លើគោលនយោបាយគណបក្សប្រជាជនកម្ពុជា ហើយការបោះឆ្នោតបើខុសមួយសន្លឹក គឺខុសរយៈពេល៥ឆ្នាំ ដូច្នេះសូមបងប្អូនបន្តគាំទ្រគណបក្សប្រជាជន ដែលជាបក្សតែមួយគត់ ដែលមានសមត្ថភាពការពារសន្តិភាព និងការអភិវឌ្ឍ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយៈនយោបាយឈ្នះឈ្នះ ដែលមកទល់ពេលនេះមានរយៈពេល ២៥ឆ្នាំហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសសើរឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឫស្សីលក ស្រុកជីក្រែង និងលោកស្រី ព្រមទាំងក្រុមការងារទាំងអស់ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីកសាងសមិទ្ធផលព្រះពុទ្ធសាសនានៅក្នុងវត្តប្រាសាទរង្សី សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា។
លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឫស្សីលក ស្រុកជីក្រែង បានឱ្យដឹងថា ដោយសារប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ មានស្ថេរភាព នយោបាយ និងស្ថេរភាពសង្គមនៅទូទាំងប្រទេស ស្ថិតក្រោមមាគ៌ាដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការបង្កើតនូវធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ច វប្បធម៌ជាតិ ជាពិសេសវិស័យព្រះពុទ្ធសាសនា ដែលបានកប់បាត់ក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឱ្យមានការរីកចម្រើនឡើងវិញពាសពេញ ប្រទេសគួរឱ្យកត់សម្គាល់។
លោក សៀក សុជាតិ បានលើកឡើងពីការងារសាងសង់សាលាធម្មសភា និងសមិទ្ធផលក្នុងវត្តដោយមើលឃើញពីការលំបាក និងការខ្វះខាតរបស់ពុទ្ធបរិស័ទ និងព្រះសង្ឃនៅក្នុងវត្តប្រាសាទរង្សី សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តួចផ្តើមរៀបចំកសាងសាលាធម្មសភានេះឡើងដើម្បីតម្កល់គម្ពីព្រះត្រៃបិដក និងសម្រាប់ព្រះសង្ឃបានសិក្សារៀនសូត្រដែលជាប្រយោជន៍បម្រើដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
សាលាធម្មសភា បានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដែលមានទំហំ ១១.៥ម៉ែត្រ គុណ១៥.៥ម៉ែត្រ កម្ពស់៨ម៉ែត្រ មាន ៨បន្ទប់ គិតជាថវិកាសរុប ១៥៤,៨៥០ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ដឹកនាំកសាងដោយលោក សៀក សុជាតិ និងលោកជំទាវ អ៊ូ សុវត្តី ព្រមទាំងមានការចូលរួមពី ព្រះគ្រូចៅអធិការ សប្បុរសជន និងពុទ្ធបរស័ទជិតឆ្ងាយចំណុះជើងវត្ត ផងដែរ។
ក្រៅពីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន បានជាវព្រះបដិមារពីខេត្ត កំពង់ធំចំនួន៦អង្គ ទី១៖ ព្រះនរាយណ៍ មានទទឹង ០.៨ម៉ែត្រ កម្ពស់ ៤ម៉ែត្រ, ទី២៖ ព្រះពុទ្ធសមាធិ មានទទឹង ១.៨ម៉ែត្រ កម្ពស់ ២ម៉ែត្រ, ទី៣៖ ព្រះសីវលីមានទទឹង ០.៩ម៉ែត្រ កម្ពស់ ១.៣ម៉ែត្រ, ទី៤៖ ព្រះអង្គប្រក់នាគ មានទទឹង ០.៩ម៉ែត្រ កម្ពស់ ១.៥ម៉ែត្រ, ទី៥៖ ព្រះសេអាមេត្រី ទទឹង ១.២ម៉ែត្រ កម្ពស់ ១.៨ម៉ែត្រ និងទី៦៖ ព្រះបាទជ័យវរ្ម័នទី៧ មានកម្ពស់ ១.២ម៉ែត្រ ដោយគិតជាថវិកាអស់ចំនួន ២៤,៥០០ ដុល្លារ និងសរុបទាំងថ្លៃសាងសង់សាលាធម្មសភា និងជាវព្រះបដិមារគិតជាថវិការអស់ ១៧៩,៣៥០ដុល្លារ៕