(កណ្ដាល)៖ លោកបណ្ឌិត កៅ ថាច ប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល និងសហការី ​នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បន្តចុះសំណេះសំណាល និងណែនាំ ការងារសំខាន់ៗមួយចំនួន ជូនដល់យុវជនក្នុងរចនាសម្ព័ន្ធគណបក្សប្រជាជនកម្ពុជា ក្នុងរចនាសម្ព័ន្ធ ក្នុងឃុំស៊ីធរ និងឃុំកំពង់ចម្លង នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សរុបប្រមាណ ជាង១២០ នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បន្តលើកយក និងចែករំលែកនូវព័ត៌មានសំខាន់ៗ មួយចំនួនជូនដល់ប្អូនៗ អំពីរចនាសម្ព័ន្ធគណបក្សប្រជាជនកម្ពុជាប្រចាំនៅក្រៅប្រទេស និងលើកយកពីគោលដៅ និងគោលបំណង នៃការបង្កើតក្រុមការងារគណបក្សប្រជាជននៅក្រៅប្រទេស ដើម្បីគៀងគរសមាជិក គាំទ្រគណបក្សប្រជាជនកម្ពុជាបន្ថែម និងផ្សព្វផ្សាយអំពីស្នាដៃ អំពើល្អ គុណសម្បិត្ត ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាន ជាដើម -ល-។

លោកបណ្ឌិត កៅ ថាច បានឲ្យដឹងថា ក្នុងនាមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើសកម្មភាព ដោយស្មារតីប្រុងប្រយ័ត្ន និងមានការទំនួលខុសត្រូវប្រកបដោយសីលធម៍ និងមានក្រមសីលធម៌ ដោយជៀសវាងការប្រើប្រាស់ នូវពាក្យសម្តីមិនសមរម្យ និង/ឬអំពើហិង្សាណាមួយកើតឡើងដោយចៃដន្យ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

លោកបណ្ឌិត កៅ ថាច ក៏បានចូលរួមផ្សព្វផ្សាយនូវស្នាដៃដែលសម្រេចបាន និង គុណបំណាច់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែងនាំយកសន្តិភាព ទូទាំងប្រទេស ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងក៌សាងប្រទេសពីបាតដៃទទេរ រហូតមានការរីកចម្រើនមកដល់បច្ចុប្បន្ន។ ការទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ១៩ និងការសម្រេចបានដោយជោគជ័យ នូវការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកបដោយជោគជ័យ និងជាស្នាដៃប្រវត្តសាស្ត្រ ដែលកម្ពុជា បានខកខានអស់រយៈពេល ៦៤ ឆ្នាំ។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច បានធ្វើការពន្យល់ប្រៀបធៀបការវិវត្តន៍ នូវព្រឹត្តការណ៍ប្រវត្តសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានឆ្លងកាត់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងការបោះចំណោលដល់ការសម្រេចបាន នូវចង្ខុវិស័យដល់ឆ្នាំ២០៣០ ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាឈានដល់ប្រទេសទទួលបានចំណូលមធ្យមកំរិតខ្ពស់ និងបន្តទទួលបានប្រាក់ចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ ដែលប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នឹងសម្រេចឲ្យបានជូនដល់ប្រជាពលរដ្ឋយើង។ ដូចនេះ លោកបណ្ឌិត ណែនាំប្អូនៗត្រូវខិតខំធ្វើយ៉ាងណាត្រូវចូលរួមថែរក្សា ការពារសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជា ឲ្យបានគង់វង្សជានិរន្ត។

លោកបណ្ឌិត កៅ ថាច ក៏បានលើកយកមកពន្យល់ដល់ប្អូនៗ ផងដែរអំពី លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលប្រទេសកម្ពុជា បាននិងកំពុងអនុវត្តន៍ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព មិនដូចការលើកឡើងរបស់ក្រុមបក្សប្រឆាំងនោះឡើយ និងធ្វើការណែនាំដល់ប្អូនៗ ត្រូវចូលរួមទាំងស្មារតី សម្ភារៈ សកម្មភាព ឲ្យអស់ពីកម្លាំងកាយ ទាំងកម្លាំងចិត្ត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខនេះដើម្បីស្វែងរកសំលេងឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាឱ្យបានកាន់តែច្រើន។

ក្នុងនោះប្អូនៗ គួរចុះតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ខ្នងផ្ទះ ដើម្បីចុះសួរសុខទុក្ខ និងសួរនាំអំពីឯកសារសម្រាប់បំរើ ឲ្យការបោះឆ្នោត ក្នុងករណីបងប្អូន គាត់បាត់ ខូចឯកសារ ក្រដាស់ស្នាម យើងត្រូវស្វែងរកដំណោះស្រាយផ្សេងៗ ដើម្បីធ្វើយ៉ាងណា បង្ករភាពងាយស្រួលអោយបងប្អូនអាចមកបោះឆ្នោតបាន។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត កៅ ថាច។

លោកបណ្ឌិត កៅ ថាច បានថ្លែងថា ក្នុងអំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត លោកបណ្ឌិត ណែនាំឲ្យប្អូនៗយុវជនត្រូវចូលរួមធ្វើសកម្មភាព និងធ្វើការងារឲ្យបានល្អ ដោយពិនិត្យតាមដានរាល់សកម្មភាពមិនល្អណាមួយ ដែលកើតឡើង និងបង្កឡើងដោយក្រុមជនអគតិណាមួយ ដែលមានបំណងចង់បង្ករអុកឡុកលទ្ធផលបោះឆ្នោត និងនៅមណ្ឌលបោះឆ្នោត។ ក្នុងគោលដៅនេះ ប្អូនៗត្រូវធ្វើការរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។

លោកបណ្ឌិត បានស្នើ និងលើកទឹកចិត្តដល់សមាជិកបក្សទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ កក្កដា ខាងមុខ ដើម្បីធានា បានថាសមាជិកបក្សមួយរូប សំឡេងឆ្នោតមានគុណភាពមួយសន្លឹក ជូនដល់គណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត បានធ្វើការឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនៗ និងគណបក្សឃុំទាំងពីរផងដែរ៕