(ព្រៃវែង)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី សាម ចេង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព សំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់ ស្ថិតនៅភូមិរាធរ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
សកម្មភាពនេះ ត្រូវបានអមដំណើរដោយគណៈប្រតិភូ គឺលោក ដួង តារា ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី លោក ហ៉ី ប៉ាវី អភិបាលស្រុកព្រះស្តេច លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន លោកសាស្រ្តាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា, សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងអនុប្រធានក្រុមការងារយុវជនខេត្ត និងក្រុមការងារយុវជនកម្ពុជា ជាច្រើនរូបផងដែរ។
អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានសម្ដែងមនោសញ្ចេតនារីករាយ ដោយបានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ប្រជាពលរដ្ឋយើងសារជាថ្មី ក្នុងឱកាសដែលប្រទេសកម្ពុជាយើង នឹងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។ អ្នកឧកញ៉ាបណ្ឌិត ក៏បានអរគុណចំពោះវត្តមាន ដ៏ថ្លៃថ្លារបស់សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋយើង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមជួបជុំគ្នា នាំឲ្យពិធីនេះ ប្រព្រឹត្តទៅដោយភាពអធិកអធម សប្បាយរីករាយក្រៃលែង។
អ្នកឧកញ៉ាបណ្ឌិត ក៏បានពាំនាំនូវ ការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ស្ថិតនៅភូមិរាធរ ឃុំរាធរ ស្រុកព្រះស្ដេច ក៏ដូចជាទូទាំងខេត្តព្រៃវែងផងដែរ សូមប្រកបដោយសេចក្តីសុខ នឹងទទួលបានជោគជ័យ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិត បន្តថា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺនៅទូទាំងកម្ពុជាយើង នឹងចាត់តាំងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧។ នេះជាព្រឹត្តិការណ៍ ដែលមានសារៈសំខាន់ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការបន្តលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះ និងជាកត្តាសំខាន់បំផុត នាំឲ្យកម្ពុជាយើង មានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។
អ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ទៀតថា កម្ពុជាយើងជាប្រទេសមួយ ដែលបានឆ្លងកាត់ នៅស្ថានភាពបត់បែន ស្មុគ្រស្មាញ ចាប់តាំងពីក្រោយអាណានិគមនិយម បារាំងមក ដែលមានរយៈពេល ៦៩ ឆ្នាំមកដល់ពេលនេះ យើងមានសុខសន្តិភាពផង មានសង្រ្គាមផង មានការឈ្លោះ ទាស់ទែងបែកបាក់គ្នាផង ប៉ុន្តែចាប់តាំងពីឆ្នាំ ១៩៩៨មក យើងមានសុខសន្តិភាពពេញទី។ នេះជាមោទនភាព និងជាស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម បាននាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពល ដូចគណបក្សប្រជាជនកម្ពុជា បាននោះទេ៕