(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានរៀបចំបិទផ្សព្វផ្សាយជាសាធារណៈ ចំពោះក្បាលដីដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ អនុវិស័យរដ្ឋបាលដីធ្លី ដែលធ្វើឡើងរយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់មកធ្វើការត្រួតពិនិត្យនូវរាល់ចំណុចខ្វះខាត ក៏ដូចជា កំហុសឆ្គងដែលបានកើតមានឡើង ហើយរាល់ការដល់មន្ដ្រីជំនាញ ដើម្បីធ្វើការកែប្រែឡើងវិញ មុនពេលប្រគល់ជូនជាផ្លូវការ។
ការបិទផ្សាយនេះ ត្រូវបានធ្វើឡើងនៅក្នុងវត្តពោធិ៍វនារាមោ ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ក្រោមវត្តមានលោក អឿ សុភ័ណ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកលី សារី អភិបាលរងខេត្ត និងលោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរី ព្រមទាំងមន្ដ្រីរាជការ ជាច្រើនរូបផងដែរ។
លោកលី សារី បានថ្លែងថា ក្នុងការបិទផ្សាយជាសាធារណៈ មុនប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងភូមិពោធិពីដើម ឲ្យនាំគ្នាមកពិនិត្យលើឯកសារដែលខ្លួនមានក្រែងខុស ឫច្រឡំ ឈ្មោះ អាយុ ភេទ ទីកន្លែង មុនពេលទទួលបានប័ណ្ណ ដែលត្រូវចែកជូនប្រជាពលរដ្ឋ។
លោកបន្តថា ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចេះសាមគ្គី សម្របសម្រួលគ្នានៅតាមព្រំដីខ្លួនរៀងៗខ្លួន ចៀសវាងកើតរឿងទំនាស់ប្តឹងផ្តល់គ្នា ចូលតុលាការ ធ្វើអស់លុយរក្សាសុវត្ថិភាព នៅពេលទទួលប័ណ្ណ ហើយប្រឹងប្រែង ប្រើប្រាស់ឲ្យសមត្ថភាពកុំទំនេរចោល។ លោកបន្ថែមថា បើយោងតាមអនុសាសន៍របស់លោករដ្ឋមន្ដ្រី ជា សុផារ៉ា បង្ហាញថាទិដ្ឋភាពបញ្ហាលើដីធ្លីការចែកប័ណ្ណមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ចៀសវាងកុំឲ្យកើតមានទំនាស់បញ្ហាព្រំដី ព្រំទល់ជាប់គ្នា ទ្រព្យប្តី ទ្រព្យប្រពន្ធ ត្រូវពិនិត្យឲ្យបានច្បាស់លើឯកសារក្នុងរយៈពេល១៥ថ្ងៃ មុនចេញប្លង់ដីសិទ្ធិរៀងខ្លួន។
លោកអឿ សុភ័ណ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត បានឲ្យដឹងថា លទ្ធផលនៃការចុះបញ្ជីដីធី្លគិតថ្លៃ លទ្ធផលសម្រេចបានមានដូចជា ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ជាដុំ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានចុះបញ្ជីរួចហើយ ហើយក៏បានចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុនាពេលនេះបាន១ភូមិ គឺភូមិពោធិពីរដើម ដែលមានក្បាលដីសរុប១១៧១ក្បាលដី ហើយត្រូវចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ មាន១១៦៣ក្បាលដី ក្នុងនោះដីលំនៅឋាន៣៦៨ក្បាលដី ដីកសិកម្ម៧៨៥ក្បាលដី ដីវត្ត១ក្បាលដី សាលារៀន១ក្បាលដី ដីមណ្ឌលសុខភាព១ក្បាលដី ដីស្នាក់ការភូមិ១ក្បាលដី ដីស្រះ១ក្បាលដី ដីបឹង៥ក្បាលដី ដីគ្មានម្ចាស់៨ក្បាលដី។
ក្នុងនោះដែរ លោកពិន សេងហាប់ អភិបាលរងស្រុក បានលើកឡើងថា ការប្រគល់ជូនដល់ដៃប្រជាពលរដ្ឋនូវប័ណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុ ក្នុងភូមិពោធិពីដើមនេះ ដើម្បីបង្ហាញអំពីសមិទ្ធផល ដែលបានអភិវឌ្ឍន៍លើគ្រប់វិស័យនៅស្រុកមង្គលបូរីនេះ៕