(ភ្នំពេញ)៖ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា គិតរហូតមកដល់ពេលនេះ កម្ពុជានិងចិនបានចុះអនុស្សរណៈយោគយល់លើនាំចេញអង្ករកម្ពុជាចូលទៅទីផ្សារចិនចំនួន ៦លើករួចហើយ ហើយក៏ត្រៀមក្នុងការចុះអនុស្សរណៈយោគយល់ (MOU) លើកទី៧បន្តទៀត ដែលបរិមាណអង្ករនាំចេញក៏គ្រោងនឹងបន្តកើនឡើងដែរ។
ការលើកឡើងនេះធ្វើឡើង ក៏ស្របពេលដែល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ ទើបបានលើកឡើង នាចុងខែមិថុនានេះដែរថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចារៀបចំនីតិវិធី ក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ បង្កើនការនាំចេញអង្ករ ក្នុងបរិមាណ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខា នាពេលខាងមុខនេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់បន្ថែមថា ដោយបង្ហាញក្តីសង្ឃឹមថា សំណើនេះនឹងជួយបង្កើនការនាំចេញអង្ករកម្ពុជា កាន់តែច្រើនថែមទៀត។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងពីក្តីសង្ឃឹមថា បរិមាណបន្ថែមដល់ ៥០ម៉ឺនតោននេះ អាចមានសង្ឃឹមច្រើន ដោយសារតែ អនុវត្ត MOU កាលពីលើកទី៦ ក្នុងទំហំ៤០ម៉ឺនតោននោះ សម្រេចបានតាមផែនការ។ ក្រៅពីនេះ អង្ករកម្ពុជាតែងត្រូវបានជំរុញការលក់នៅប្រទេសចិន តាមរយៈក្រុមហ៊ុននាំចេញទៅ មានតម្រូវការកាន់តែច្រើន សម្រាប់អង្ករកម្ពុជា។ ម្យ៉ាងវិញទៀត កិច្ចសហការវាងភាគីកម្ពុជា និងក្រុមហ៊ុននាំចូលរបស់ចិនគឺមានភាពល្អប្រសើរ។ «ខ្ញុំគិតថាឆន្ទៈរបស់ថ្នាក់ដឹកនាំ ទាំងពីរល្អណាស់ ជាពិសេស សម្តេចតេជោតែងតែបានស្នើជួបថ្នាក់ដឹកនាំចិន តែងតែលើក ជារើយៗចំពោះពាណិជ្ជកម្ម ជាពិសេស អង្ករ ដោយសុំឲ្យភាគីចិនជួយ ហើយភាគីចិន ជាទូទៅ មិនដែរបដិសេធទេ» លោកបន្តថា ការរីកចម្រើនខាងផ្នែកពាណិជ្ជកម្ម ជាពិសេស អង្ករ គឺបានកើតចិត្តពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលតែងតែជួបជជែកជាមួយភាគីចិន មិនថា ក្នុងពេលសម្តេចអញ្ជើញទៅចិន ឬ ក៏ថ្នាក់ដឹកនាំចិនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាទេ ដើម្បីជំរុញ លើកទឹកចិត្ត និងស្នើទាំងថ្នាក់ដឹកនាំចិន ក៏ដូចជា អ្នកវិនិយោគិនចិន ឲ្យជួយបញ្ជាទិញអង្ករកម្ពុជា កាន់តែច្រើន។
«បងប្អូនកសិករយើង ធ្វើយ៉ាងណា ខិតខំប្រឹងប្រែងដាំដុះ ឲ្យបានល្អ ជាពិសេស ប្រភេទអង្ករដែលចិនមានតម្រូវការ ហើយក៏បន្តគាំទ្រសម្តេចតេជោ បន្តដឹកនាំឲ្យបានយូរ ហើយជំរុញការងារនេះ កាន់តែធំទៅៗ ព្រោះពាណិជ្ជកម្មកម្ពុជា-ចិននេះកើតចេញពីឆន្ទៈ របស់ថ្នាក់ដឹកនាំទាំងពីរ គឺជំរុញដាក់ ជាគោលយុទ្ធសាស្ត្រធ្វើតែម្តង» ដោយលោកបន្ថែមថា «ពាណិជ្ជកម្មនិងពាណិជ្ជកម្មឯកជន អាចទៅបាន តែអាចប្រើប្រាស់ពេលយូរ តែ ឆន្ទៈថ្នាក់ដឹកនាំ អ្នកនយោបាយ គឺជំរុញធ្វើឲ្យលឿន» ។
ក្នុងនាមពលរដ្ឋរបស់នៅក្នុងរាជធានីភ្នំពេញ លោក ជួន បូណា ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា ចិនចេះតែបន្តបញ្ជាទិញអង្ករកម្ពុជាកាន់តែច្រើន តាមការស្នើសុំ នេះគឺដោយសារតែចិននិងកម្ពុជាមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ព្រមទាំងរវាងប្រជាជន កាន់តែល្អប្រសើរ។ លោកក៏សង្ឃឹមថា សំណើ ៥០ម៉ឺនតោនរបស់កម្ពុជានេះ នឹងទទួលបានការឯកភាពពីភាគីចិន។
«ចិននឹងអាចជួយទិញអង្ករនេះ គឺដើម្បីជួយជំរុញ លើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាកសិករកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរ បន្ថែមទៀត នាពេលខាងមុខ...ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូប ខ្ញុំថ្លែងអំណរគុណ ចំពោះចិន ក្នុងការបញ្ជាទិញអង្ករកម្ពុជា នេះគឺជាគុណបំណាច់មួយ ដែលធំធេងបំផុត ធ្វើឲ្យប្រជាកសិករមានទឹកចិត្តបង្កបង្កើនផល ឲ្យកាន់តែច្រើនបន្ថែមទៀត ព្រោះការបញ្ជាទិញអង្ករកម្ពុជារបស់ចិន គឺជាទីផ្សាធំមួយ ហើយតម្លៃអង្ករ លើទីផ្សា កាន់តែខ្ពស់»។
យ៉ាងណាក៏ដោយ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ពេលវេលាជាក់លាក់នៃការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ លើបរិមាណ៥០ម៉ឺនតោន នៅឡើយទេ គឺអាស្រ័យលើការសម្រេចពីភាគីចិនជាមុនសិន។
លោកបានបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្មបានស្នើបែបនេះ ទៅកាន់ភាគីចិន តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្នើបន្តតាមរយៈស្ថានទូតចិនប្រចាំកម្ពុជា ដោយរង់ចាំការឆ្លើយតបបន្តទៀត៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)