(ក្រចេះ)៖ បន្ទាប់ពីបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាលោកស្រី ប្រាក់ ចន្ថា អតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិ ដែលបច្ចុប្បន្នលោកស្រីជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារខេត្តក្រចេះបានលើកឡើងក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្រុងក្រចេះ ខេត្តក្រចេះថា «អតីតកាល នៃជីវិតនយោបាយជាង៣០ឆ្នាំមកនេះបានបង្ហាញផ្លូវចុងក្រោយសម្រាប់ខ្ញុំ គឺត្រូវមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។
លោកស្រី ប្រាក់ ចន្ថា ថ្លែងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលនៅក្នុងសាលប្រជុំសណ្ឋាគារ ហ៊ ប៊ុន្នី ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាមន្ត្រីរាជការក្រសួងមុខងារសាធារណៈ មន្ត្រីក្រុមការងារខេត្ត ក្រុងក្រចេះ និងសង្កាត់ទាំង៥ រួមទាំងតំណាងប្រជាពលរដ្ឋមកពីសង្កាត់ក្រចេះ អូរឫស្សី ក្រគរ និងសង្កាត់រកាកណ្តាល មានអ្នកចូលរួមសរុបចំនួនប្រមាណ ២០០០នាក់។
ក្នុងកិច្ចប្រជុំសំណេះសំណាលនោះលោកស្រីបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅថ្លៃថ្លាបំផុតសារថ្មីម្តងទៀតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ឱកាសដ៏មានតម្លៃដល់លោកស្រីបានមកចូលរួមចំណែកកសាង អភិវឌ្ឍ សង្គមជាតិកម្ពុជាក្រោមម្លប់សន្តិភាព វឌ្ឍនភាពនិងវិបុលភាពយូរអង្វែង។
លោកស្រីបញ្ជាក់ថា សុខសន្តិភាពមានតម្លៃណាស់សម្រាប់យើងទាំងអស់គ្នា ហើយសន្តិភាពដែលមាននៅបច្ចុប្បន្ននេះ គឺជាមរតកនៃការខិតខំរកបានមកដោយលំបាករបស់ សម្តេចតេជោ ហ៊ុន សែន ហេតុនេះកូនខ្មែរគ្រប់រូបត្រូវចងចាំពាក្យស្លោក មរតកតេជោសន្តិភាព ដើម្បីអនាគតរុងរឿងរបស់កូនចៅជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ អតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិរូបនេះ បានអំពាវនាវជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសចំពោះបងប្អូនដែលធ្លាប់ប្រកៀកស្មាគ្នាដើរផ្លូវមួយកាលពីមុននោះ សូមពិចារណាថ្លឹងថ្លែង ហើយងាកមកកាន់មាគ៌ាសច្ចភាពប្រវត្តិសាស្រ្តនៃសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់គណបក្សប្រជាជនកម្ពុជាក្រោមមគ្គុទេ្ទសភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់អនាគតរុងរឿងថ្កុំថ្កើងរបស់អនាគតកូនយើងគ្រប់ជំនាន់តរៀងទៅ។
ចុងក្រោយ លោកស្រី ប្រាក់ ចន្ថា បានសំណូមពរទទូចសុំឲ្យពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ សូមប្រើប្រាស់សិទ្ធិជាម្ចាស់ឆ្នោតរបស់ខ្លួនឲ្យមានតម្លៃដោយចូលរួមក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តបំពេញបេសកកម្មជាប្រវត្តិសាស្រ្តក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យបានលូតលាស់រីកចម្រើនឆ្ពោះទៅកាន់អនាគតរុងរឿងថ្កុំថ្កើងតរៀង។
សូមបញ្ជាក់ថា លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ក៏មានវត្តមានក្នុងពិធីសំណេះសំណាលនេះផងដែរ៕