(ក្រចេះ)៖ ក្រោយពីបានជួបសំណេះសំណាលជាមួយលោកស្រី ប្រាក់ ចន្ថា អតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិ ដែលបច្ចុប្បន្នលោកស្រីជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារខេត្តក្រចេះមានសមាជិកចំនួន១៤៦នាក់នៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកឆ្លូងមកពីគណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច និងបក្សដទៃទៀតបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ។

ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីនៃស្រុកទាំង២ លោកស្រី ប្រាក់ ចន្ថា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះ។

លោកស្រីបានលើកឡើងថា « ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានបេះដូងយ៉ាងទូលំទូលាយ ហើយតែងតែទទួលស្វាគមន៍គ្រប់សមាជិកមកពីគណបក្សផ្សេងៗទាំងអស់ដែលស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំងបម្រើជាតិ និងប្រជាជនសំដៅកសាងសង្គមមួយឲ្យរស់នៅក្នុងសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព»

ចុងក្រោយ លោកស្រី ប្រាក់ ចន្ថា បានអំពាវនាវដ៏ទទូចសុំឲ្យពលរដ្ឋម្ចាស់ឆ្នោតទាំងអស់សូមប្រើប្រាស់សិទ្ធិម្ចាស់ឆ្នោតរបស់ខ្លួនឲ្យមានតម្លៃ ដោយចូលរួមកុំបីអាក់ខានក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធានាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពឥតឈប់ឈរសម្រាប់មាតុភូមិ និងប្រជាជនកម្ពុជាឲ្យបានយូរអង្វែងតរៀងទៅ៕