(ត្បូងឃ្មុំ)៖ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន ៤៣៣នាក់ (ស្រីចំនួន១៤៦នាក់) នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទទួល ទទួលបានគ្រឿងឥស្សរិយយសមេដាយការពារជាតិពីព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០២៣ តាមរយៈលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកពញាក្រែក។
លោក វង សូត បានលើកឡើងដើម្បីតបស្នងសងគុណដល់អតីតយុទ្ធជនដែលបានតស៊ូការពារ និងបម្រើប្រទេសជាតិនាពេលកន្លងមករហូតដល់ចូលនិវត្ត ក្នុងនោះរហូតដល់ពិការផងដែរ។ បងប្អូនអតីតយុទ្ធជនយើងបានរួមចំណែក ចំពោះប្រទេសជាតិនាពេលកន្លងមកទាំងនេះ ក្រោមដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិន ប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ សុខទុក្ខរបស់សមាជិកអតីតយុទ្ធជនដែលមានជីវភាពក្រីក្រជាប្រចាំ។
ជាក់ស្តែងនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមរយៈ លោក វង សូត និងលោកឧត្តមសេនីយទោ ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានជួបសំណេះសំណាលលើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយយសដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដូចខាងលើនេះ គឺជាការយកចិត្តទុកដាក់លើកកម្ពស់ការទទួលខុសត្រូវក្នុងតួនាទីភារកិច្ចបើក និងផ្តល់ថវិកាបេឡាមរណសង្គ្រោះ ថវិកាបូជាសព និងថវិកាធានារ៉ាប់រងសង្គម និងចុះសួរសុខទុក្ខសមាជិកដែលមានជំងឺ និងជីវភាពក្រីក្រធ្វើបញ្ជី បច្ចុប្បន្នភាព និងថតរូបដើម្បីរៀបចំធ្វើសៀវភៅសមាគម អតីតយុទ្ធជនកម្ពុជា សំដៅដោះស្រាយសម្រាលការលំបាក និងកម្រិតជីវភាពរបស់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យកាន់ប្រសើរឡើងថែមទៀត។
រដ្ឋមន្ដ្រីសង្ឃឹមថា បងប្អូនអតីតយុទ្ធជនយើងនឹងបន្តចូលរួមចំណែកគាំទ្រគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់គ្នា។ ជាមួយគ្នានោះដែរ គណបក្ស ប្រជាជនកម្ពុជា នឹងទទួលយកជានិច្ចដោយមិនមានទោមនស្សអ្វីឡើយ ចំពោះបងប្អូនបក្សដទៃ ដែលមិនដឹងទៅបោះឆ្នោតឱ្យបក្សណាហើយនាំគ្នាមកចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានោះ។ មានតែគណបក្សប្រជាជនតែមួយគត់ដែលបានធ្វើឲ្យប្រជាជន និងប្រទេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ ក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រី បានជូននូវថវិកាកំដរដៃផងដែរដោយបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលមានវត្តមានក្នុងឱកាសនោះ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១០ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំទាំងមូល មានសេចក្តីសោមនស្សរីករាយក្រៃលែងដោយព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានផ្តល់មេដាយការពារជាតិជូនអតីតយុទ្ធជនចំនួន១៧៥៩ នាក់ ស្រី៦៨២ នាក់។
ដោយឡែក ស្រុកពញាក្រែក ចំនួន៤៣៣ នាក់ ស្រី១៤៦ នាក់ ក្នុងនោះមេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ ចំនួន១ គ្រឿង មេដាយការពារជាតិ ថ្នាក់មាស៦៥ គ្រឿង និងមេដាយការពារជាតិថ្នាក់ប្រាក់៣៦៧ គ្រឿងផងដែរ៕