(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា​សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានសំណូមពរក៏ដូចជាអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ក្នុងឃុំបឹងល្វាធ្វើយ៉ាងណាជំរុញកូនចៅឲ្យបានចូលរៀន គ្រប់គ្នាៗយ៉ាងហោចណាស់រៀនចប់ត្រឹមកម្រិតអនុវិទ្យាល័យ។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចុះសាកសួសុខទុក្ខ និងនាំយកអំណោយរបស់លោកបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ និងលោកស្រី ទៅចែកជូនប្រជាជនខ្វះខាត និងចាស់ជរារស់នៅឃុំបឹងល្វា ស្រុកសន្ទុកនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹងការនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ វិស័យអប់រំក៏បានលើកកម្ពស់ និងយកចិត្តទុកដាក់ជាបន្តបន្ទាប់ ក្នុងនោះសាលារៀនបានកសាងនៅគ្រប់តំបន់ទូទាំងប្រទេស។ ជាក់ស្ដែងដូចនៅតំបន់នេះ មានសាលារហូតដល់កម្រិតអនុវិទ្យាល័យ ដែលអាចឲ្យពួកគេបានចូលសិក្សាចប់កម្រិតអនុវិទ្យាល័យបាន។

លោកស្រីបណ្ឌិត ជា សិរី បានបន្តទៀតថា បើប្រជាជនម្នាក់ៗមានចំណេះវិជ្ជា និងចំណេះដឹងទូទៅបានច្រើននោះ នឹងរួមចំណែកមួយផ្នែកធំ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងអាចចូលរួមដល់ការអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវគោលដៅនេះ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្សហើយទៅការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣​បានឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យបន្តធ្វើជាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ ដើម្បីបន្តដឹកនាំប្រទេសឲ្យទទួលបានការអភិវឌ្ឍថ្មីៗ បន្ថែមទៀតក្រោមដំបូលសន្តិភាព។

លោកស្រីបណ្ឌិត ជា សិរី ក៏បាននាំយកថវិកានិងគ្រឿងឧបភោគ បរិភោគជាអំណោយរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ជូនដល់គ្រួសារខ្វះខាត៥គ្រួសារ និងបានប្រគេនបច្ច័យ និងទ័យវត្ថុដល់ព្រះសង្ឃវត្តពោធិស្រះស្រង់ ហៅវត្តបឹងល្វាចាស់ផងដែរ។

រសៀលថ្ងៃដដែលនេះលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មីមួយខ្នង រួមនឹងអំណោយមួយចំនួនទៀតជូន គ្រួសារខ្វះខាតរស់នៅភូមិស្រែតាកោ ឃុំប្រាសាទ ជាអំណោយមនុស្សធ៌មរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណាផងដែរ៕