(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ធំ បានក្រើនរំលឹកដល់សមាជិកសមាជិកាគណបក្ស​ប្រជាជន​កម្ពុ​ជាទាំងអស់ ត្រូវបន្តកសាងកម្លាំង និងពង្រឹងសាមគ្គីផ្ទៃ ក្នុងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ដើម្បីបន្តការងារបម្រើប្រជាជន និងសង្គមជាតិនៅក្នុងនីតិកាលទី៧ឲ្យបានកាន់តែល្អប្រសើរថែម។

ការក្រើនរំលឹករបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណាល ជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានជំរុញដល់សមាជិកសមាជិកាគណបក្ស​ឲ្យបន្ត​ពង្រឹង ស្មារតីសា​ម​គ្គី​ផ្ទៃក្នុងឲ្យបានល្អថែមទៀត និងត្រូវខិតខំប្រឹ​ង​​ប្រែ​ង​បំពេញការងារបម្រើប្រជាជនឲ្យអស់ពីកម្លាំងកាយចិត្ត និងត្រូវមានការលះបង់ខ្ពស់ ចំពោះការងារដែលជាប្រពៃណី​ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជាជាបន្តទៀត ​ព្រោះវាជាកត្តា​គន្លឹះ​ដែលធ្វើឲ្យគណប​ក្ស ​​ទទួល​បាន​ជោគ​ជ័យគ្រប់កិច្ច ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុ​ខ​នេះ ក៏ដើម្បីអនុវត្តភារកិច្ចបន្តឲ្យបានសម្រេច​​​​​បានស​មិ​ទ្ធ​​ផ​លល្អ និងថ្មីបន្តបន្ទាប់​ទៀតជូ​ន​ប្រជាជន និងជា​តិ​​មា​តុ​ភូមិ។

លោក ជា ចាន់តូ បានបន្តទៀតថា ចំពោះមុខនេះត្រូវបន្តថែរក្សាការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ​ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្ស ហើយនៅអំឡុងក្នុងពេលឃោសនាបោះឆ្នោត ឃោសនិកត្រូវចេះរំលេចរាល់សមិទ្ធផល ដែលរដ្ឋាបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន សម្រេចបាន និងត្រូវប្រើពាក្យស្លិក រួមគ្នា​រ​ក្ស​ស​ន្តិ​ភាពឱ្យខានតែ​បាន ឲ្យបានជាប់ជានិច្ច ដើម្បីបំផុសស្មារតីប្រជាជនឲ្យមើលពីតម្លៃពិតនៃសន្តិភាព។

ជាមួយនេះត្រូវបង្ហាញឃើញឲ្យអំពីស្ថានភាពនយោបាយទូទៅ និងសមិទ្ធផ​លរបស់គណបក្សប្រជាជនកម្ពុជា សម្រេចបានកន្លងមកពិសេស ជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រក្នុងតួនាទីជាប្រធានប្តូរវេន អាស៊ានឆ្នាំ២០២២ និងការរៀបចប្រកបដោយជោគជ័យ និងជាទីមោទនភាពជាតិដ៏ឧត្តុង្គឧត្តម នៅព្រឹត្តិការណ៍កីឡាស៊ី​ហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបញ្ចប់កាលពីពេលថ្មីៗនេះ ឲ្យប្រជាជនយល់ដឹងនោះទើបការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្រ្ត នីតិកាលទី៧នៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ ​ទទួលបានជោគជ័យ។

លោកបានបន្ដថា សមាជិក-សមាជិកាគណបក្ស​ប្រជាជន​កម្ពុ​ជា ទូទាំងខេត្តកំពង់ធំទាំងអស់ ត្រូវបន្តការខិតខំរបស់ខ្លួនបន្តទៀត លើការងារកសាងធនធានមនុស្សឲ្យប្រកប ដោយចំណេះដឹងចំណេះធ្វើ និងមានគុណធម៌ ពិសេ​ស យុវជនជាអ្នកបន្តវេនជំនាន់ក្រោយ៕