(ពោធិ៍សាត់)៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហើបថា ឥលូវនេះឃើញមានមេក្រុមប្រឆាំង បានបញ្ជូនសារមកសម្តេច ដើម្បីចង់បានការព្រះរាជទានទោស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហើបដូចនេះថា «ឥលូវឃើញមានបញ្ជូនសារមកឱ្យខ្ញុំ ព្រោះខ្ញុំបានប្រាប់ហើយណាបើថាចង់ឱ្យខ្ញុំលើកលែងទោស ត្រូវផ្តាច់ខ្លួនចេញពីអាចង្រៃនោះ ហើយខ្ញុំបានផ្ញើសារទៅឱ្យតាមមនុស្សម្នាក់ ប្រធានគណបក្សនយោបាយមួយ ថាឱ្យប្រាប់ទៅមនុស្សនឹងទៅ បើអ្នកឯងគ្រាន់តែបោកប្រាស់ខ្ញុំ អ្នកឯងក៏អត់រួចដែរ ក្នុងចំណោមសំណុំរឿង៥ លើកលែងទោសបានតែមួយទេ នៅសល់ ៤ទៀត»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ឥលូវយើងលើកលែងទោសហើយ និងបានដកដីការចាប់ខ្លួន ហើយទុកសំណុំរឿងនៅមួយកន្លែងសិន ហើយបើហ៊ានក្បត់ជាមួយនឹងការសន្យានឹងសម្តេច នឹងទទួលបានផលហើយ នៅពេលនោះគឺអ្នកនឹងមកនៅក្នុងស្រុក ហើយនឹងមិនអាចចេញទៅក្រៅរួចវិញនោះដែរ, បើនៅក្រៅស្រុកអាចនិយាយព្រហើនបាន តែនៅក្នុងស្រុក មិនអាចនិយាយបាននោះទេ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករ និយោជិតនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាការប្រើប្រាស់អំណាចវាដូចនេះហើយ ក្នុងនោះបើការកាន់អំណាច ហើយមិនប្រើអំណាច វាស្មើនឹងអត់អំណាច មិនអាចទុកឱ្យអ្នកឯងព្រហើនបាននោះទេ។

បន្ថែមពីនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា យប់មិញនេះមិនឃើញមានដ្រូន ហោះចូលមកក្នុងទឹកដីប្រទេសកម្ពុជាទៀតនោះទេ ក្រោយសម្តេចបានដាក់កាំភ្លើង និងកងកម្លាំងជាច្រើន ដើម្បីរង់ចាំបាញ់កម្ទេច និងបានប្រកាសបង្ហាញកម្លាំងទ័ព និងកម្លាំងអាវុធ វាលែងហ៊ានមកដែរ។ ពាក់ព័ន្ធនឹងការឃើញមានដ្រូន ហោះចូលក្នុងទឹកដីកម្ពុជានេះ សម្តេចក៏បានចាត់សុទ្ធតែមេបញ្ជារការធំៗ ទៅផ្ទាល់តែម្តង ជាមួយនឹងកងទ័ព រាប់ពាន់អ្នកត្រៀមប្រចាំការនៅទីនោះដើម្បីចាំបាញ់ទម្លាក់តែម្តង មិនថាជារបស់ប្រទេសណាមួយនោះទេ៕