(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានប្រាប់ក្រុមប្រឹក្សាធម្មនុញ្ញថា នៅប្រទេសអូស្ត្រាលីបើនរណាម្នាក់ អត់បានទៅបោះឆ្នោត អ្នកនោះនឹងត្រូវពិន័យជាប្រាក់ ខណៈនៅប្រទេសសិង្ហបុរី នឹងត្រូវដកឈ្មោះចេញពីបញ្ជីបោះឆ្នោត។ មានប្រទេសជាច្រើន បានយកការបោះឆ្នោតដាក់ជាកាតព្វកិច្ច ប៉ុន្តែនៅប្រទេសកម្ពុជា មិនដាក់ការបោះឆ្នោតជាកាតព្វកិច្ចឡើយ។

នេះជាការលើកឡើងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ការពារសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ថ្លែងនៅចំពោះមុខលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងស្មារតីបន្តលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្ដើមរៀបចំ «សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត» និងត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំពេញអង្គ លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣។

ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូចមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់»។ ទន្ទឹមនេះ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺសំដៅទប់ស្កាត់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូចដល់កិច្ចដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ។

បើតាមលោក កើត រិទ្ធ សេចក្តីព្រាងច្បាប់នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ ដោយ «ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញ និងក៏ពុំមែនជាកាតព្វកិច្ច ដូចបានកំណត់នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យសេរី មួយចំនួននោះដែរ។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះ បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាគំរូល្អ នៅក្នុង សង្គមប្រជាធិបតេយ្យ។

លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាយើងផ្អែកតាមច្បាប់របស់អូស្ត្រាលី ការបោះឆ្នោតត្រូវបានគេចាត់ទុកថា ជាកាតព្វកិច្ច ពលរដ្ឋមានកាតព្វកិច្ចត្រូវទៅបោះឆ្នោត បើមិនបោះឆ្នោតត្រូវពិន័យជាប្រាក់។ អញ្ចឹង ដើម្បីលើកស្ទួយដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសគេ គេដាក់ជាកាតព្វកិច្ចឲ្យពលរដ្ឋទៅបោះឆ្នោត។ នៅសាំងហ្កាពួរ អ្នកដែលមិនទៅបោះឆ្នោត ត្រូវកាត់ឈ្មោះចេញពីបញ្ជីបោះឆ្នោត ហើយចង់ចូលមកវិញ ត្រូវពន្យល់មូលហេតុច្បាស់លាស់ ហើយបើមានតំណែងសាធារណៈណាមួ​យ ក៏ត្រូវដកហូតមិនឲ្យបំពេញកាងារដែរ»។

លោក អ៉ឹម ឈុនលឹម បានលើកឡើងថា តំណាងរាជរដ្ឋាភិបាល ដែលត្រូវបានអញ្ជើញមកពេលនេះ គឺដើម្បីបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី៩ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំ លើកទី១០ នីតិកាលទី៤។

លោក ឯម សុផល ប្រជាពលរដ្ឋខ្មែរសញ្ជាតិអូស្ត្រាលីម្នាក់ ធ្លាប់ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ពិន័យ ១០៤ដុល្លារ ដោយសារមិនទៅបោះឆ្នោតឆ្នាំ២០២២។ លោក ឯម សុផល បានផ្ញើក្រដាសផាកពិន័យ មកបណ្តាញ Fresh News ដោយលើកឡើងថា ប្រទេសអូស្ត្រាលី ដែលជាប្រទេសប្រជាធិបតេយ្យ បែរជាមានដាក់ការបោះឆ្នោតជាកាត្វកិច្ច ដើម្បីពង្រឹងប្រជាធិបតេយ្យ។

សូមជម្រាបថា ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុម័តទាំងស្រុង លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ខណៈវិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវបានរដ្ឋសភា កាលពីថ្ងៃទី២៣ មិថុនាឆ្នាំ២០២៣។ តាមខ្លឹមសារ គឺសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី នឹងធ្វើវិសោធនកម្មចំនួន៨មាត្រា ដោយរាប់ចាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។

សេចក្តីវិសោធនកម្មច្បាប់បោះឆ្នោត មានមាត្រាធំចំនួន៤ ដែលសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី បានធ្វើវិសោធនកម្មនៅពេលនេះ ដោយរាប់ចាប់តាំងការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។

និយាយពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការកែប្រែមាត្រាថ្មីចំនួន៣ គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។ មាត្រា២៣ថ្មី គឺពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិជាខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានលំនៅឋានក្នុងប្រទេសកម្ពុជា​ មានការតែងតាំងពីគណបក្សនយោបាយ ហើយអ្វីដែលចាំបាច់ទៀតនោះ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោត​ដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។ រីឯមាត្រា១៤២ថ្មី គឺចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យ យ៉ាងតិច៥ឆ្នាំ។ ចំណែកឯមាត្រា១៤៣ថ្មី វិញ គឺ ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា។

រីឯការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានខ្លឹមសារមិនខុសអ្វីជាណាស់ណាពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះដែរ។ ដោយមាត្រាថ្មីទាំង៣ គឺមាត្រា៣៥ថ្មី មាត្រា១៧១ថ្មី និងមាត្រា១៧២ថ្មី បានចែងដូចគ្នាស្ទើរទាំងស្រុងទៅនឹងមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី ដែលស្តីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រាប់ចាប់តាំងពីសកម្មភាព និងការផាកពិន័យជាទឹកប្រាក់។ អ្វីដែលកត់សម្គាល់ សម្រាប់មាត្រា២៣ថ្មី នៅក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺបានតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះ ត្រូវចូលរួមបោះឆ្នោតជាសកលលើកចុងក្រោយ។
ការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា វិញ គឺសេចក្តីព្រាងបានធ្វើវិសោធនកម្មមាត្រា១៣ថ្មី ដោយរួមបញ្ចូលមាត្រា២៣ថ្មី និងមាត្រាពាក់ព័ន្ធនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

រីឯការធ្វើវិសោធកម្មទី៤ ទៅលើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត វិញ គឺចែងអំពីមាត្រា១៥ថ្មី ដែលតម្រូវឲ្យពលរដ្ឋចូលរួមការបោះឆ្នោតជាសកលលើកចុងក្រោយ ប្រសិនបើមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា៕