(តាកែវ)៖ អធិការនគរបាលស្រុកបាទី ខេត្តតាកែវ លោក ង៉ាន់ សារី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានរៀបរាប់លម្អិត​លើករណីកាប់​ប្រហារនារី ដែល​ជាមន្រ្តីនៅមន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល ទម្លាក់ទឹកនៅក្នុងតំបន់​កំសាន្តទន្លេបាទី កាលពីសប្តាហ៍មុននោះ គឺផ្តើមចេញពីការប៉ុនប៉ង​ប្លន់ទ្រព្យសម្បត្តិ ហើយ​ជនដៃដល់​បានរៀបផែនការ សម្លាប់នេះតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ ពីព្រោះជនរងគ្រោះ​ជាមនុស្សមាន​ទ្រព្យសម្បត្តិគ្រាន់បើ។

លោកអធិការបានបញ្ជាក់ថា ជនដៃដល់ជាមនុស្សស្រីម្នាក់ញៀន​នឹងល្បែងខ្លាំងណាស់ និងពុំមានមុខ​របរ​ប្រាកដនោះឡើយ។

សូមបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើងព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅតំបន់ទេសចរណ៍​ទន្លេបាទី ស្ថិតក្នុងភូមិ​ទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលនារីវ័យក្មេង​រងគ្រោះឈ្មោះ ជា សុជាតិ អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជាមន្ត្រីជាប់​កិច្ចសន្យា នៅមន្ទីរទេសចរណ៍​ខេត្តកណ្តាល។

សម្រាប់ករណីឃាតកម្មមួយនេះ កម្លាំងនគរបាលស្រុកបាទី សហការជាមួយកម្លាំង​នគរបាលជំនាញ ក្រោមដឹកនាំបញ្ជាផ្ទាល់​ពីអធិការស្រុក និងស្នងការនគរបាលខេត្ត តាមស្រាវជ្រាវ រហូតចាប់ខ្លួន​ជនដៃដល់​នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុច​ផ្សារតានី ក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

លោក ង៉ាន់ សារី បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានស្គាល់គ្នារយៈ​ពេលប្រមាណ១​ឆ្នាំមកហើយ។ ក្នុងរយៈ​ពេលស្គាល់គ្នានេះ ជនសង្ស័យ ឃើញជនរងគ្រោះ​មានទ្រព្យ​សម្បត្តិគ្រាន់បើ នៅជាប់នឹងខ្លួន ហើយម្យ៉ាងខ្លួន​ញៀនល្បែងទៀតនោះ ក៏ចាប់ផ្តើមរៀបចំផែនការ​សម្លាប់ជនរងគ្រោះ​តែម្តង។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យបានណាត់​ជាមួយជនរងគ្រោះ ទៅលេងនៅទន្លេបាទី លុះព្រឹកថ្ងៃកើត​ហេតុនោះ ជនរងគ្រោះបានជិះ​ម៉ូតូម៉ាកវ៉េវ ទៅដឹកជន​សង្ស័យ​នៅជិតស្ពានព្រែកហូរ បន្តដំណើរទៅទន្លេបាទី ដោយយកកាបិតប៉័ងតោ ដាក់នៅក្នុងកាបូប​រួចជាស្រេច។

ពេលទៅដល់ទន្លេបាទីពួកគេទាំង២នាក់ បានជួលផ្ទះទឹកមួយដើម្បីអង្គុយ និងកម្មង់ឲ្យគេធ្វើម្ហូប។ លុះពេលឃើញមានសភាពស្ងាត់នោះ ជនសង្ស័យក៏ទាញកំាបិត​ប៉័ងចេញពីកាបូបកាប់​ទៅលើជនរងគ្រោះ ជាច្រើនកាំបិតរួចរុញទម្លាក់ទឹកតែម្តង។

ក្រោយកាប់សម្លាប់ជនរងគ្រោះហើយ ជនសង្ស័យបានជូតឈាម ហើយដើរចេញ​មកក្រៅដោយប្រាប់អ្នកធ្វើម្ហូបថា ម្ហូបដែលកម្មង់នោះខ្ចប់វិញ ហើយរូបគេទៅ​តាមមិត្តភក្តិ​២ម៉ូតូទៀតដែល​វង្វេងផ្លូវ។

ពេលអ្នកលក់សួរថា ចុះមិត្ត​ភក្តិទៅណាហើយ​មិនឃើញ ជនសង្ស័យបានឆ្លើយថា គេជិះទូកទៅបេះផ្កាឈូកបាត់​ហើយ។ លុះពេលជនសង្ស័យ​ចេញទៅ ហើយអ្នកលក់លើក​ម្ហូបយកទៅផ្ទះទឹកនោះ ស្រាប់តែឃើញ​ឈាម បង្កជាកការភ្ញាក់ផ្អើលឆោ​ឡោតែម្តង។

លោកអធិការស្រុកបាទី បានបន្តទៀតថា ពេលចេញមកនោះ ជនសង្ស័យបានដោះ​យកខ្សែក កងដៃ និងទូរស័ព្ទiPhone មួយគ្រឿងរបស់ជនរងគ្រោះ ព្រមទាំងម៉ូតូផងដែរ ដោយជិះមកព្រែកហូរវិញ ហើយលក់ទូរស័ព្ទបានប្រាក់ចំនួន៦០ដុល្លារ។

បន្ទាប់មកជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះទៅលក់ បានចំនួន៣៥០ដុល្លារ នៅម្តុំ​ណាហ្គា ដូច្នេះបានលុយសរុប៤១០ដុល្លារ ស្រាប់តែទៅយកលុយនេះ ទៅលេងបៀរ នៅក្នុងណាហ្គា​អស់រលីង។ ពេលចាញ់ល្បែងអស់លុយ​ជនសង្ស័យ បានយកខ្សែកលក់ (៣៥ដុល្លារ) និងកងដៃលក់(៩០ដុល្លារ) រួចបន្តដំណើរទៅក្រុងប៉ោយប៉ែត ដើម្បីទៅលេងផ្ទះបងនៅទីនោះ មុនពេលត្រឡប់​ទៅតានី​ទូកមាស ខេត្តកំពត ជាផ្ទះរបស់ឪពុកខ្លួនមានប្រពន្ធចុង​នៅទីនោះ។

ពេលទៅដល់ផ្ទះឪពុកខ្លួនកម្លាំងនគរបាល ក៏បានចុះចាប់តែម្តង។ លោក ង៉ាន់ សារី បានបន្តទៀតថា នៅថ្ងៃនេះ លោកបាននាំជនសង្ស័យមកណាហ្គា ដើម្បីឲ្យបង្ហាញកន្លែងលក់ម៉ូតូ មុននាំខ្លួនទៅសួរនាំ​បន្តទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ជនសង្ស័យរូបនេះមានឈ្មោះ សាត មករា ហៅនី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី៕

រូបជនរងគ្រោះកាលនៅរស់