(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនលូកលាន់កិច្ចការរបស់នាយករដ្ឋមន្រ្តីថ្មីនោះទេ គឺទុកឲ្យអ្នកដឹកនាំថ្មីមានម្ចាស់ការលើកខ្លួនឯង។
ប៉ុន្តែសម្តេចតេជោ មានប្រសាសន៍ថា ទោះបីនៅខាងពេលមុខសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ សម្តេចនៅតែកាន់កាប់កិច្ចការនយោបាយប្រទេស ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។ បើសិនជាអ្នកដឹកនាំថ្មី ធ្វើឲ្យប្រទេសអន់ថយ នឹងត្រូវដេញចេញពីតំណែង ហើយឈានដល់ការដេញចេញពីបក្ស។ បើសិនជា នរណាម្នាក់ត្រូវបានដេញចេញពីបក្ស សូម្បីតែតំណែងសាធារណៈក៏មិនមានដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ឱកាសអញ្ជើញជួបកម្មករនិយោជិត នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មុនពេលសម្រាកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
សម្តេចតេជោ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានត្រៀមទុកក្នុងករណីនាយករដ្ឋមន្ត្រីបន្តវេន បើអ្នកឯងមិនសួរ ខ្ញុំនឹងមិនប្រាប់ទេ ទុកឲ្យគេម្ចាស់ការ។ ក្នុងករណីគេសួរ យើងសួរត្រឡប់ទៅវិញថា តើលោកឯងចង់ដោះស្រាយរឿងហ្នឹងរបៀបម៉េច? អាហ្នឹង បានគេឲ្យគេចេះ ហើយជាបទពិសោធន៍របស់ខ្ញុំ កាលណាកូននៅតូចជារឿងមួយ តែពេលវាធំកាលណាវារត់ដួល ឲ្យវាងើបខ្លួនឯង»។
សម្តេចតេជោ បានបន្តថា «គ្មានរណាមួយអាចឈានដំណើរឆ្ពោះទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ។ បើទោះបីជា ហ៊ុន សែន មិនធ្វើនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែការគ្រប់គ្រងផ្នែកនយោបាយ គឺនៅលើដៃ ហ៊ុន សែន ដដែល កុំមានការបារម្ភ ព្រោះក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច។ ពេលខ្លះយើងចាស់ហើយ»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា មានអ្នកបន្តវេន ខុសពីគណបក្សប្រឆាំងមិនមានអ្នកបន្តវេន។ សម្តេចតេជោ ក៏បានព្រមានក្រុមប្រឆាំងកុំចង់កម្ចាត់ត្រកូល ហ៊ុន ឲ្យសោះ ព្រោះអ្នកគាំទ្រត្រកូល ហ៊ុន មានមួយប្រទេស។ សម្តេចតេជោ លើកឡើងថា នៅប្រទេសណា ក៏ដូចគ្នាដែរ ព្រោះបើគេស្រលាញ់ឪពុក ក៏គេស្រលាញ់កូនដែរ ដូចនៅជប៉ុននៅមណ្ឌលណាដែលធ្លាប់មានអ្នកគាំទ្រឪពុក ពេលស្លាប់ទៅក៏គេគាំទ្រកូនដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងខិតខំធ្វើយ៉ាងណាឲ្យលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសល្អជាងសម្តេចទៅទៀត។ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងករណីលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី បើមិនសួរអំពីកិច្ចការសម្តេច នោះសម្តេចនឹងឆ្លើយនោះទេ។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា ដដែល៕