(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ត​អំពាវនាវដល់កម្មករ-កម្មការិនី និងពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីធានាការអភិវឌ្ឍន៍​ប្រទេស មិនត្រូវឱ្យពួកប្រតិកិរិយាបំផ្លាញសន្តិភាពនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបកម្មករ និយោជិតសរុបប្រមាណជិត៧០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។

​សម្តេចតេជោ ហ៊ុន សែន ​បានគូសបញ្ជាក់ថា ត្រូវតែរួមគ្នាការពារសន្តិភាពឱ្យបាន ដើម្បីធានាការអភិវឌ្ឍន៍របស់ប្រទេស ព្រោះបើគ្មានសុខសន្តិភាពទេ កុំនិយាយដល់រឿងអភិវឌ្ឍន៍ និយាយរឿងតែស្លាប់ និងរឿងរបួសឱ្យហើយទៅ។

​សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា៖ ​«សំណូមពរបស់ខ្ញុំមកកាន់ទីនេះ ដែលនៅតែបន្ត នោះគឺរួមគ្នាការពារសន្តិភាព ដើម្បីធានាការអភិវឌ្ឍន៍របស់ប្រទេស មិនទុកឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយ បំផ្លាញសន្តិភាពនេះ បានទេ ទោះបីដោយតម្លៃណាក៏ដោយ អ្នកណាចង់ថាអីក៏ថាទៅ ក៏ប៉ុន្តែយើងត្រូវតែការពារនូវសន្តិភាពនេះឱ្យបាន បើការពារសន្តិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍន៍ និយាយពីរឿងត្រៀមស្លាប់ត្រៀមរបួស និងត្រៀមភ្លើងឆេះផ្ទះទៅ។»

សម្តេចបន្តថា ជាក់ស្តែងនៅប្រទេសម៉ាលី និងប្រទេសស៊ូដង់ដែលស្ថិតនៅ​អាហ្វ្រិកកណ្តាល កំពុងតែកើតមានបញ្ហាអសន្តិសុខ ហើយកម្ពុជាបានផ្តល់ថវិកា​បន្ទាន់សម្រាប់កម្លាំងរបស់​កម្ពុជាដែលកំពុងឈរជើងនៅទីនោះផងដែរ។

​ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ​ក៏ចង់ឱ្យតាមបណ្តារោងចក្រនីមួយៗក្លាយជាសហគមន៍សុខសាន្ត​ផងដែរ ដើម្បីជំរុញឱ្យផលិតកម្មកាន់តែរីកចម្រើន៕