(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា មន្រ្តីទូតនៅតាមបណ្តាញប្រទេសនានា ត្រូវធ្វើកិច្ចការពាណិជ្ជកម្ម។ នៅពេលមានការពង្រឹងផ្នែកពាណិជ្ជកម្ម នោះទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏កាន់តែរឹងមាំ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ-និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទូតបច្ចុប្បន្ន ត្រូវធ្វើសេដ្ឋកិច្ចទាំងអស់ បើទូតមិនចេះធ្វើសេដ្ឋកិច្ច មិនបាច់ចាត់ឲ្យទៅធ្វើទូតទេ ព្រោះរឿងសេដ្ឋកិច្ច នាំមុខទាំងអស់»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ​បានគូសបញ្ជាក់ថា បើកាលណាប្រទេសនឹង មានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយគ្នា នោះទំនាក់ទំនងខាងនយោបាយ ក៏មានទំនាក់ទំនងល្អ ជាមួយគ្នាផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា កម្ពុជា បានចុះហត្ថលេខាជាមួយនឹងសិង្ហបុរី រួចហើយ លើការផ្គត់ផ្គង់អគ្គិសនី តាមបាតសមុទ្រ៕