(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសង្កាត់អូរម៉ាល់ រៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាគមអតីតយុទ្ធជន នៅសង្កាត់អូរម៉ាល់ ក្រោមអធិបតីភាពលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់។

លោក សន ពឿន ចៅសង្កាត់អូរម៉ាល់ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់អូរម៉ាល់ បានប្រាប់ឲ្យដឹងថា គ្រឿងឥស្សរិយយសចំនួន៦១គ្រឿង មាន មេដាយមាសការពារជាតិ៧គ្រឿង និងមេដាយប្រាក់ការពារជាតិ៥៤គ្រឿង ត្រូវបំពាក់ជូនបងប្អូនជាអតីតយុទ្ធជនចំនួន៦១រូប។

លោក ញ៉ែម សាវើយ អនុក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់អូរម៉ាល់ បានប្រាប់បន្ថែមថា ការបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូន នៃសមាគមអតីតយុទ្ធជននាពេលនេះ គឺជាការរំលឹកគុណ ដឹងគុណមិនអាចបំភ្លេចបាន ចំពោះគុណបំណាច់ចូលរួមបម្រើជាតិមាតុភូមិ ជាការលើកទឹកចិត្តដល់គាត់ និងក្រុមគ្រួសារគាត់ ឲ្យមានមនសិកាស្រឡាញ់មាតុភូមិ លះបង់បម្រើជាតិមាតុភូមិ អប់រំកូនចៅចាកឆ្ងាយ បានពីបញ្ហាគ្រឿងញៀន បន្តរក្សាសន្តិភាពឲ្យគង់វង្ស និងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែរីកចម្រើន។

លោក ឡេង ប៉េងឡុង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់អូរម៉ាល់ បានមានប្រសាសន៍ដោយបានលើកយកប្រវត្តិសាស្រ្តកម្ពុជា ដែលវិវត្តន៍ច្រើនសម័យកាលរហូតដល់ឆ្នាំ១៩៩៨ នយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោហ៊ុន សែន កម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងដោយខ្លួនឯង មានសន្តិភាពពេញលេញនិងបានអរគុណ កោតសសើរដល់វីរភាព របស់បងប្អូន នៃសមាគមអតីយុទ្ធជន គ្រួសារអតីតយុទ្ធជនដែលបានចូលរួមចំណែកបម្រើជាតិមាតុភូមិ ស្រឡាញ់សន្តិភាព ដើរតាមមាគ៌ាដ៏ត្រឹមត្រូវជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជាកសាងប្រទេសពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងបានអំពាវនាវសូមបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់សូមអញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោហ៊ុន សែន បន្តការអភិវឌ្ឍនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់គ្នា៕