(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសជាថ្មីម្ដងទៀតថា កម្លាំងកងទ័ពរាប់ពាន់នាក់ បាននិងកំពុងពង្រាយនៅតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះរំលោភចូលអធិបតេយ្យកម្ពុជា ដោយគ្មានការអនុញ្ញាត។ ប៉ុន្ដែក្រោយវិធានការក្ដៅជាបន្ដបន្ទាប់របស់កម្ពុជា មិនឃើញមានដ្រូនហោះមកទៀតនោះទេ។
ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងករណីឃើញមានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលទឹកដីកម្ពុជាទៀតនោះ កម្លាំងកងទ័ពនឹងបាញ់ទម្លាក់ភ្លាមៗតែម្ដង ដោយមិនខ្វល់ថា ដ្រូននោះរបស់អ្នកណានោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យប់មិញក៏អត់ឃើញមានដ្រូនហោះមកទៀត ដល់តែដាក់កាំភ្លើងផ្គុំ រួចប្រកាសមែនទែនបង្ហាញកម្លាំងទ័ព កម្លាំងអាវុធ វាអត់ហ៊ានចូលមកដែរ [...] ឥលូវទ័ពរាប់ពាន់នាក់នៅទីនោះ (ព្រំដែនកម្ពុជា-វៀតណាម) ចាំបាញ់ទម្លាក់ពួកហ្នឹងម្ដងកុំឲ្យវាប្រហើនហោះចូលដីខ្មែរ មិនថារបស់អ្នកណាទេ តែហោះចូលដីខ្មែរ គឺបាញ់ប្រាប់ទុកឲ្យហើយ»។
ទោះបីជាយ៉ាងណា សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តាំងតែពីចល័តកម្លាំងទ័ព និងពង្រាយអាវុធ ជាមួយបទបញ្ជាយ៉ាងម៉ឺងម៉ាត់នោះ ប៉ុន្មានថ្ងៃមកនេះ មិនឃើញមានដ្រូនទាំងអស់នោះ ហោះចូលទឹកដីរបស់កម្ពុជាទៀតនោះឡើយ។ សម្ដេចបន្ដថា កន្លងទៅមេទ័ពខ្មែរស្លូតពេក បានមិនហ៊ានបាញ់ទម្លាក់ តែពេលនេះមិនមានឱកាសហោះចូលដោយសេរីទៀតទេ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពប្រើសំណាញ់មេឃដើម្បីបាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀតចំនួន៧គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមិថុនា។ សម្តេចក៏បានបន្ទោសថា មេទ័ពកម្ពុជាហាក់ដូចជាស្លូតបូតពេក ដែលធ្វើឲ្យពួកភេរវកម្មទាំងនោះបានចិត្ត ហើយហ៊ានហោះចូលរំលោភអធិបតេយ្យភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន៕