(ភ្នំពេញ)៖ ជាដំណឹងមួយក៏គួរឲ្យរីករាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅចុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក លក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។
ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការអាក់ខានកាលពីឆ្នាំកន្លងទៅ ដោយសារកម្ពុជាជាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មិនមែនរាជរដ្ឋាភិបាលខ្វះថវិកាដើម្បីរៀបចំនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំនេះសូមបញ្ជាក់ទុកជាមុន ឆ្នាំនេះនឹងត្រូវធ្វើបុណ្យអុំទូកធំនៅទីក្រុងភ្នំពេញ។ បុណ្យធំៗនៅចុងឆ្នាំនេះ នឹងមានពីរ ទី១៖បុណ្យឯករាជ្យជាតិ ខួបលើកទី៧០ឆ្នាំ ត្រូវតែធ្វើធំ, ទី២៖ បុណ្យអុំទូកត្រូវតែធ្វើធំ។ ឆ្នាំកន្លងទៅយើងមិនបានធ្វើដោយសារជាប់ប្រជុំអាស៊ាន រហូតដល់មនុស្សមួយចំនួនគេថា រាជរដ្ឋាភិបាលខ្វះលុយអត់ទេ ពេលនោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសច្រើនណាស់ មកចូលរួមប្រជុំយើងត្រូវទទួលបន្ទុក»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំដល់គណៈកម្មការដែលរៀបចំការប្រកួតទូកង ត្រូវត្រៀមរៀបចំលក្ខណៈ និងជូនដំណឹងទៅទូទាំងប្រទេស ពិសេសកន្លែងដែលមានទូកចូលរួមប្រកួត។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា ការប្រកួតកីឡាស៉ីហ្គេម, ប៉ារ៉ាហ្គេម និងអង្គរសង្ក្រាន្ដជាដើម។
គួរជម្រាបថា ពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៧០ឆ្នាំ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕