(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ការរៀបចំវិសោធនកម្មច្បាប់បោះឆ្នោត នាពេលនេះ មិនមែនជាការកាត់សិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែដើម្បីការពារនូវភាពសុខសាន្ត និងដំណើការ​អនុវត្តសិទ្ធិរបស់ពលរដ្ឋ។

ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីមានគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនតូច រិះគន់ចំពោះការរៀបចំវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ពាក់ព័ន្ធនឹងការកំណត់កាតព្វកិច្ចសម្រាប់អ្នកដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ។

ក្នុងឱកាសជួបកម្មករ និយោជិតសរុបជិត៧០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អ្នកឯងមើលក្នុងច្បាប់ ដែលម្សិលមិញព្រឹទ្ធសភាបានបោះឆ្នោត(អនុម័ត) ក្រៅពីពង្រឹងនូវការទទួលខុសត្រូវនៃអ្នកឈរឈ្មោះ អ្នកឯងពិនិត្យមើលអំពីផ្នែកទោសទណ្ឌ នៅមានកាត់សិទ្ធិនយោបាយរបស់អ្នកឯងមិនឱ្យចូលរួមបោះឆ្នោត អាចថាមួយជីវិតថែមទៀត»

សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ហើយទទួលបានការគាំទ្រទាំងស្រុងដោយព្រឹទ្ធសភា កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលមិញ។

វិសោធនកម្មច្បាប់នេះ បានរៀបចំឡើងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយ លោក សម រង្ស៉ី និងបក្ខពួក បានដាក់ចេញនូវយុទ្ធនាការថ្មី ជំរុញឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីកុំទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល សម្រាប់ការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ដោយសារពួកអ្នកឯងរុកចុះរុកឡើង វិធានការច្បាប់ត្រូវបានប្រកាន់យក មិនមែនជាការកាត់សិទ្ធិពលរដ្ឋទេ ក៏ប៉ុន្តែគឺដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដំណើការ​អនុវត្តសិទ្ធិរបស់ពលរដ្ឋ អញ្ចឹងលោកឯងមើលក្នុងច្បាប់ហ្នឹងទៅ ចេញទៅលោកឯងស្រងាកចិត្តហើយ»។ ​

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់អង្គការសង្គមស៊ីវិលមួយចំនួន ដែលចាត់តាំងគ្នាបីបួននាក់ ហើយរារាំងដល់​មន្ត្រីជាប់ឆ្នោតដែលចេញពីសភា និងចេញពីព្រឹទ្ធសភា ដែលសុទ្ធតែតំណាងឱ្យប្រជាពលរដ្ឋមួយប្រទេស ក្នុងការអនុម័តច្បាប់។ សម្តេចបា​នថ្លែងថា នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ មិនបានចែងឱ្យរាជរដ្ឋាភិបាល ឬសភា ត្រូវមានការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលនោះឡើយ៕