(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ដែលមានចំនួនអ្នកតាមដាន ១៤លាននាក់ ហើយថាបើកពួកគេតែព្រហើន សម្តេចអាចបញ្ជាឱ្យបិទ Facebook នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំងនឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីសម្តេចលុបចោល Facebook ក៏ពិតមែនប៉ុន្តែសម្តេចនៅតែរក្សាបានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជា Telegram, TikTok ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យប់មិញនេះ ខ្ញុំសម្រេចលុបចោល Facebook ដែលមានមនុស្ស១៤លាននាក់ ហើយពួកប្រឆាំងក្រៅប្រទេសកំពុងសប្បាយ ក៏ប៉ុន្តែអ្នកត្រូវគិត បើខ្ញុំចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរ លោកឯងដាច់ផ្ងារ ខ្ញុំគ្រាន់តែប្រាប់លោកឯងទេ តែមិនមែនជាមធ្យោបាយដែល ហ៊ុន សែន ត្រូវប្រកាន់យកទេ តែលោកឯងកុំប្រមាថយុទ្ធសាស្ត្ររបស់ ហ៊ុន សែន ឱ្យសោះ ហ៊ុន សែន បំផ្លាញចោល ១៤លាននាក់ ប៉ុន្តែ ហ៊ុន សែន មានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ អាចបានគ្រប់ពេលទាំងប្រព័ន្ធ Telegram ហើយឥឡូវមាន TikTok ទៀត»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «គ្រាន់តែប្រដៅពួកអ្នកក្រៅស្រុក កំពុងសប្បាយដែលខ្ញុំបំផ្លាញចោល Facebook ប៉ុន្តែខ្ញុំនឹងផ្តាច់ជើងលោកឯង ប្រសិនបើព្រហើន ខ្ញុំនឹងឱ្យបិទ Facebook មិនឱ្យប្រើប្រាស់ក្នុងមួយរយៈខ្លី ឬមួយស្ថាពរ លោកឯកគិតយ៉ាងម៉េច តែខ្ញុំមិនចង់ប៉ះពាល់ដល់ប្រជាជនទេ ប៉ុន្តែអ្នកឯងកុំភ័ន្តច្រឡំជាមួយយុទ្ធសាស្ត្រ ហ៊ុន សែន ឱ្យសោះគ្រាន់តែប្រដៅអ្នកឯង»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅ Facebook ថាតើគោលនយោបាយ Facebook មានបានពិនិត្យមើលក្រុមប្រឆាំងប្រមាថសម្តេច ភរិយា និងកូនសម្តេចដែរទេ? ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានទៅហ្វេសប៊ុកថា ជាន់កសម្តេចប្រយ័ត្នលៀនអណ្តាតខ្លួនឯង។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេស មកនិយាយហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើលើសម្តេច។

សម្តេចបានថ្លែងដូច្នេះថា «Facebook គេមានគោលការណ៍របស់គេ ខ្ញុំទទួលការគោរព ប៉ុន្តែ Facebook មើលរំលងទៅលើបញ្ហាមួយចំនួន ដែលធ្វើខុសនឹងគោលនយោបាយរបស់ Facebook។ ប្រយ័ត្នច្របាច់ក ហ៊ុន សែន លៀនអណ្តាតខ្លួនឯង»

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកដែលបង្កើត Facebook ប្រើឈ្មោះសម្តេច គឺសុទ្ធតែក្លែងក្លាយទាំងអស់ ព្រោះសម្តេចបានសម្រេចលុបចោល Facebook តាំងពីយប់មិញ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ និងស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក (Facebook) របស់សម្តេចយ៉ាងច្រើន ដែលមានរហូតជាង ២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ បណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្មណ៍ពីការចូលលួចដូច Facebook។

សម្តេចសូមការយោគយល់ពីអ្នកតាម Facebook ព័ត៌មានសម្តេចតាមរយៈ Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់សម្តេចវិញដើម្បី ទទួលបានព័ត៌មាន និងមានយោបល់មកសម្តេច៕