(តាកែវ)៖ លោកគី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ រៀបចំពិធីទទួលស្វាគមន៍សមាជិកថ្មី ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន២១៥រូប ដែលអញ្ជើញមកពីភូមិទាំង៨ ក្នុងឃុំក្រាំងធ្នង់។
ថ្លែងក្នុងឱកាសនោះ លោក គី តិច បានកត់សម្គាល់ថា នយោបាយបង្រួមបង្រួមជាតិ ខ្មែរតែមួយ រួមទាំងសមត្ថភាព ដឹកនាំប្រទេសរបស់សម្តេចតេជោសែន បាននាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ គ្រប់វិស័យ ទើបមានការគាំទ្រភ្លូកទឹកភ្លូកដី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដូចពេលនេះ ជាដើម។
គួរបញ្ជាក់ថា មួយរយៈនេះគេសង្កេតឃើញថា សកម្មជនសមាជិក សមាជិកា និងមន្ត្រីគណបក្សប្រឆាំងនៅក្នុងប្រទេស និងក្រៅប្រទេសជាច្រើននាក់ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕