(កំពង់ធំ)៖ ដើម្បីចូលរួមអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងបង្កើនកម្លាំងគាំទ្រគណបក្សឱ្យកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» គណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងទេសចរណ៍ បានខិតខំកសាង ពង្រីកសមាជិកថ្មី ក្នុងចំណោមមន្ត្រីរាជការក្របខ័ណ្ឌថ្មី និងមន្ត្រីជាប់កិច្ចសន្យាជាបន្តបន្ទាប់ ជាក់ស្តែងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងទេសចរណ៍ បានបញ្ចូលសមាជិកបក្សថ្មី ២៩៩នាក់បន្ថែមទៀត។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក លោកស្រីជាអនុប្រធាន និងសមាជិក សមាជិកាគណបក្សប្រជាជនក្រសួងទេសចរណ៍ជាច្រើននាក់ទៀតផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីមន្ត្រីជាសមាជិកបក្សថ្មីដែលត្រូវបានធ្វើពិធីប្រកាសបញ្ចូលនាពេលនេះមានចំនួន ២៩៩នាក់នេះ សមាជិកបក្សក្រសួងទេសចរណ៍ បានកើនឡើងសរុបចំនួន ៩៤៣រូប (ស្រី ៣៥០រូប) ស្មើនឹង ៩៣% នៃមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១ ០១២រូប (សី ៣៨៤រូប)។

ក្រោយពីស្តាប់ការឡើងអានប្រកាសសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាជិកបក្សថ្មីទាំង២៩៩នាក់ និងការឡើងប្តេជ្ញាចិត្ត របស់តំណាងសមាជិកបក្សថ្មីរួចមក លោក ថោង ខុន បានរំលឹកជូនសមាជិក សមាជិការបក្សអំពីប្រវត្តិការតស៊ូ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេ ពិសេសអំពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ។

លោក ថោង ខុន ក៏បានណែនាំឱ្យសមាជិកថ្មី ត្រូវខិតខំចូលរួមថែរក្សាសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកយ៉ាងលំបាក ទោះជាស្ថិតនៅក្នុងតម្លៃណាមួយក៏ដោយ និងធ្វើយ៉ាងខិតខំធ្វើឱ្យបក្សប្រជាពលជនឱ្យបានរឹងមាំ តាមរយៈការខិតខំសាមគ្គីគ្នា និងត្រូវគោរពសិទ្ធិរបស់សមាជិកបក្សដែលមានចែងក្នុងលក្ខន្តិកៈគណបក្ស ហើយដែលសមាជិបក្សគ្រប់រូបត្រូវគោរពប្រតិបត្តិតាម។ ថ្នាក់ដឹកនាំ មន្ត្រីបក្ស និងសមាជិកបក្សទាំងអស់ត្រូវ៖

* បន្តពង្រឹងការគ្រប់គ្រងសមាជិកបក្ស រចនាសម្ព័ន្ធ និងអង្គការចាត់តាំងគណបក្សក្រសួងគ្រប់ថ្នាក់

* បន្តពង្រឹង និងលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្ស និង សមាជិកបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តភារកិច្ចរបស់គណបក្ស ដោយប្រកាន់ភ្ជាប់ គោលការណ៍ សមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ ព្រមទាំងរបៀបរបបការងាររបស់គណបក្ស រួមមាន៖ របបប្រជុំ របបរៀនសូត្រ របបចុះមូលដ្ឋាន របបរាយការណ៍ របបសុំយោបល់ និងរបបត្រួតពិនិត្យ

* បន្តពង្រឹងឯកភាពផ្ទៃក្នុង ទស្សនៈ គោលជំហរ សតិអារម្មណ៍ ដើម្បីសម្រេចនូវរាល់ភារកិច្ចនយោបាយ ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនេះ ព្រមទាំងខិតខំពង្រឹងគុណភាព និងពង្រីកបរិមាណសមាជិកបក្ស តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ពិសេសក្នុងចំណោមយុវជន

* បន្តចូលរួមអនុវត្តយុទ្ធសាស្ត្រ «សមាជិកបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក» ដោយសហការជាមួយគណៈចាត់តាំងនៃគណៈកម្មាធិការថ្នាក់កណ្ដាល ក្នុងការរៀបចំបញ្ជីរាយនាម សមាជិកបក្សក្រសួង និងការគ្រប់គ្រងសមាជិកបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា

*បន្តពិនិត្យ តាមដាន និងជំរុញសមាជិកគណបក្សនៅក្រសួងទេសចរណ៍ និងនៅមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបាត់ ឬខូច និងអត្តសញ្ញាណបណ្ណ ហួសសុពលភាព ឱ្យទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ឬទៅធ្វើឯកសារបញ្ជាក់ អត្តសញ្ញាណ (ឯ. អ.) សម្រាប់បម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣

* បន្តតាមដាន និងយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ និងការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គម និងប្រព័ន្ឋផ្សព្វផ្សាយផ្សេងៗ ដើម្បីធានាបាននូវព័ត៌មានពិតប្រាកដ វាយបកបានឆាប់រហ័ស ទូលំទូលាយ និងមានប្រសិទ្ធភាព ដើម្បីបង្កើនប្រៀបខ្លាំងខាងសាធារណៈមតិរបស់គណបក្ស

* បន្តខិតខំបង្កើនសកម្មភាពចុះដល់មូលដ្ឋាន និងយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅតាមមូលដ្ឋាន ដើម្បីរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលា

* បន្តតាមដាន ត្រួតពិនិត្យការអនុវត្តផែនការសម្មភាព ដែលបានដាក់ចេញ និងរៀបចំកម្លាំង ធនធានសម្ភារ ថវិកានិងមធ្យោបាយនានាសម្រាប់បម្រើឱ្យយុទ្ឋនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧​ ឆ្នាំ២០២៣ នាពេលខាងមុខ។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានណែនាំសមាជិកថ្មី ត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋមូលដ្ឋាន ដោយចុះឱ្យដល់ក្រុមបក្ស គ្រួសារបក្ស និងខ្នងផ្ទះរបស់សមាជិកបក្ស និងប្រជាពលរដ្ឋ សំដៅធានាសមាជិកបក្សមួយរូបសន្លឹកឆ្នោតមួយសន្លឹក និងចលនាសមាជិកបក្ស អ្នកគាំទ្រ និងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់៕