(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បានថ្លែងមតិសំណេះសំណាល ទៅកាន់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំសិក្សា ប្រមាណជាង ៨០០នាក់ដែលបានជួបជុំគ្នា នៅក្នុងបរិវេណវិទ្យាល័យបាភ្នំថា «ដោយមានឈាមជ័រពីគុណូបការៈវិជ្ជាជីវៈរបស់ឪពុកជាគ្រូបង្រៀន ខ្ញុំមានជំនឿថា បុគ្គលិកអប់រំសិក្សាទាំងអស់នៅកម្ពុជាពិតជាដើរ តាមមាគ៌ាសម្តេចតេជោ ហ៊ុន សែន»។

លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានធ្វើការរំលឹកឡើងវិញ នូវរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជា ពីអតីតកាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានផ្តល់មេរៀនពិសោធន៍ជីវិតនយោបាយ និងអាជីពការងារសម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំសិក្សាទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល នូវគុណតម្លៃជាមនុញ្ញផលនៃសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព ដែលប្រជាជនកម្ពុជាគ្រប់រូប កំពុងរស់នៅដោយសុខដុមរមនា ក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន។

ជាចុងក្រោយនៃការសំណេះសំណាល លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសំណូមពរជូនលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំសិក្សាក្នុងស្រុកបាភ្នំទាំងមូល ដែលជាបណ្តុំបញ្ញវន្តក្នុងតំបន់វាលរាបនៃទឹកដីប្រវត្តិសាស្ត្រនគរភ្នំនេះ ត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយសច្ចភាព ជូនប្រជាជនម្ចាស់ឆ្នោតគ្រប់រូបតាមមូលដ្ឋានភូមិស្រុក ដើម្បីបងប្អូនទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខាន និងសូមបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តដឹកនាំសង្គមជាតិកម្ពុជាតាមមាគ៌ា សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព ឆ្ពោះទៅកាន់អនាគតរុងរឿងថ្កុំថ្កើង សម្រាប់កូនចៅយើងគ្រប់ជំនាន់តរៀងទៅ៕