(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តរតនគិរី និងលោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹក២៦ ខែកក្ដដា ឆ្នាំ២០១៦នេះនៅសាលមហោស្រព សម្តេចតេជោ ហ៊ុន សែន ទីរួមក្រុងបានលុង។
ក្នុងពិធីនេះ លោក ថង សាវុន បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយលើកឡើងថា «មានតែការចូលរួមរបស់ជនរួមជាតិទាំងអស់គ្នាទេ ដែលធ្វើឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសិទ្ធិភាព ពិសេសអាចធ្វើឲ្យយើងឈានទៅកសាង នូវជីវិតនិងសហគមន៍ យើងគ្មានគ្រឿងញៀន»។
លោក ថង សាវុន បានជម្រុញ និងធ្វើការផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារី ទាំងអស់បើស្រឡាញ់ខ្លួន និងស្រឡាញ់ឪពុកម្តាយ ក្រុមគ្រួសារ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
លោកឧត្តសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ក៏បានលើកឡើងថា ដោយសក្តានុពលរបស់ខេត្ត បានស្រូបទាញកម្មករធ្វើ ពលកម្ម ដែលមួយចំនួនមានទាំង សមាសភាពមិនល្អមកជាមួយ។ កសិករ កម្មករ និងយុវជនមួយចំនួន បានចាញ់បោកឈ្មួញគ្រឿងញៀន ក្រោមរូបភាពថាគ្រឿងញៀនជាបារី ឬជាថ្នាំកម្លាំងសម្រាប់ទប់ទល់ និងកម្លាំងជាដើម។
លោកឧត្តមសេនីយ៍ត្រី ងួន គឿន បន្តថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០១៥ ការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ បានធ្វើការបង្ក្រាបជាក់ស្តែង២១ករណី ស្មើនឹង៣៦មុខសញ្ញា បានដកហូតវត្ថុតាង ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន៧០ថង់តូច និង១ថង់ធំស្មើនឹង១គីឡូក្រាម68,59ក្រាម ថ្នាំញៀនប្រភេទ wy ចំនួន១៤០២គ្រាប់ រថយន្ត២គ្រឿង ម៉ូតូ១៤គ្រឿង ទូរស័ព្ទដៃ២១គ្រឿង លុយខ្មែរ៦៨ម៉ឺនរៀល លុយ២០ដុល្លារ និងដាវសាំរ៉ៃ៣ដើមផងដែរ៕