(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិ២នាក់ ជាមួយថ្នាំញៀនជិត៣គីឡូក្រាម។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមិថុនានេះថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ដនៅចំណុចផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនជាតិចិន ២នាក់ រួមមាន៖ ឈ្មោះ ហ៊ូ ស៊ាវវិន និងឈ្មោះ ចាង ឃុនហុង។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាង ជាថ្នាំញៀ​នប្រភេទ MDMA ទម្ងន់ ២៨៣៣.៨៦ក្រាម (ជាង២.៨គីឡូក្រាម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណី ជាបន្តបន្ទាប់ជាប់ៗគ្នា ដោយ១ខែៗមិនតិចជាង១០ករណីទេ។ ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕