(ណៃរ៉ូប៊ី)៖ បងប្រុសឪពុកតែមួយនិងម្តាយទីទៃរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថា រូបលោកនឹងបោះឆ្នោតឲ្យលោក Donald Trump ធ្វើជាប្រធានាធិបតីអាមេរិក ខណៈប្អូនប្រុសរបស់ខ្លួនជាអ្នកគាំទ្រ ឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន កាន់តំណែងជាមេដឹកនាំពិភពលោកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។
លោក Malik Obama បងប្រុសមេដឹកនាំពិភពលោកខាងលើនេះបានបញ្ជាក់ដូច្នេះថា «លោក Trump ជាមនុស្ស ស្មោះត្រង់ និងគួរឲ្យចូលចិត្ត ប៉ុន្តែលោក បារ៉ាក់ អូបាម៉ា បានចាកចោលគ្រួសារខ្លួនឯងតាំងពីឡើងកាន់តំណែង ដំបូងក្នុងឆ្នាំ ២០០៩។ លោក Trump ពិតជាមនុស្សពិសេសណាស់ ដោយគាត់បានទាក់ទាញខ្ញុំ តាមរយៈការសម្តី ស្មោះត្រង់អស់ពីបេះដូង ដើម្បីបង្ហាញថាគាត់កំពុងព្យាយាមអនុវត្តន៍នយោបាយដ៏ត្រឹមត្រូវ មិនដូចមនុស្សដែល កំពុងព្យាយាមលាបពណ៌គាត់នោះឡើយ»។
គួរបញ្ជាក់ថាលោក Malik មានវ័យ ៦៨ឆ្នាំ ជាបងប្រុសលោក បារ៉ាក់ អូបាម៉ា កំពុងរស់នៅក្នុងភូមិ Kogelo ភាគខាងលិចប្រទេសកេនយ៉ា ប៉ុន្តែលោកមានសញ្ជាតិពីរ គឺថែមអាមេរិកមួយទៀត ដែលនាំឲ្យលោកមានសិទ្ធិចូលរួម ធ្វើការបោះឆ្នោតនៅអាមេរិកតាំងពីអំឡុងទសវត្សរ៍ ១៩៨០ មកម្ល៉េះ។ លោក Malik បានសង្កត់ធ្ងន់ថា ជំហរលោក Trump នឹងធ្វើឲ្យសេដ្ឋកិច្ចព្រមទាំង សន្តិសុខអាមេរិកខ្លាំងក្លា ហើយដោយឡែកការហាមជនជាតិ ម៉ូស្លីមមិនឲ្យចូលទឹកដីអាមេរិកនោះ គឺជារឿងមួយប្រកបដោយហេតុផលគួរយោគយល់ពីលោក៕