(ភ្នំពេញ)៖ ក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលបានឈ្នួលដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនចំនួន២១ ស្មើនឹងទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ដែល Fresh News ទើបទទួលបាននៅថ្ងៃទី២៦ ខែកក្កដានេះ។
ក្រសួងកសិកម្មបានឲ្យដឹងទៀតថា នៅដំណាច់ឆ្នាំ២០១៦ ការប្រមូលប្រាក់ឈ្នួលដីសម្បទានសេដ្ឋកិច្ច អាចនឹងកឡើងជិត២លានដុល្លារអាមេរិក។ ការប្រមូលនេះ ពុំមែនក្រុមហ៊ុនទាំងអស់សុទ្ធតែត្រូវ បង់ថ្លៃសម្បទានដីសេដ្ឋកិច្ចក្នុងពេល តែមួយព្រមគ្នានោះទេ គឺទៅតាមពេលវេលា ដំណាក់កាលនៃការចុះកិច្ចសន្យា ទំហំដីអាចធ្វើអាជីវកម្មបានតាមលិខិតអនុញ្ញាតឲ្យឈូសឆាយ ហើយគិតចាប់ពីឆ្នាំទី៦ តទៅ។
ក្រសួងកសិកម្មបានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន ១,៥៥២,៧០០ហិកតា។ ប៉ុន្តែផ្ទៃដីដែលធ្វើអាជីវកម្មជាក់ស្តែង មានចំនួន១,០៦៩,០០០ហិកតា ក្នុងនោះក្រុមហ៊ុន ចំនួន១១២ពុំទាន់ត្រូវបានអនុវត្តកាតព្វកិច្ច បង់ថ្លៃឈ្នូលទេ ហើយកំពុងដំណើរការបង្វែរមកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទគ្រប់គ្រង គឺ ៧៣ក្រុមហ៊ុន ត្រូវផ្ទេរពីក្រសួងបរិស្ថាន ៣២ក្រុមហ៊ុនដែលមានផ្ទៃដីតូចជាង១,០០០ហិកតា ចុះកិច្ចសន្យាជាមួយអនុគណៈកម្មការខេត្ត និង៧ក្រុមហ៊ុនទៀតពុំទាន់បានចុះកិច្ចសន្យា។
ក្រសួងបន្តថា ក្រុមហ៊ុនចំនួន១១១ ទៀតកំពុងដំណើរការស្ថិតក្រោម ការគ្រប់គ្រង់ដោយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តែមានក្រុមហ៊ុនចំនួន១០១ ជាក្រុមហ៊ុនដល់ឆ្នាំត្រូវបង់ថ្លៃឈ្នូលសម្បទានដីសេដ្ឋកិច្ច និង១០ក្រុមហ៊ុនទៀតពុំទាន់គ្រប់៦ឆ្នាំ ក្រោយពេលឈូសឆាយនៅឡើយ៕