(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ស្ថិតនៅជាន់ទី១ ក្នុងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ។
ពិធិនេះក៏មានការចូលរួមផងដែរពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ លោកអគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី លោក លោកស្រី តំណាងសមាគម គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនដៃគូ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបប្រមាណ ៥០០នាក់។
មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាទីតាំងទី៧ រាប់ចាប់តាំងពីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើតឱ្យមានមណ្ឌលផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើប និងទីប្រជុំជននានា។ កើតចេញពីកិច្ចសហការក្នុងការសាងសង់ និងរៀបចំប្រព័ន្ធប្រតិបត្តិការដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទនងសាធារណៈ រួមជាមួយនឹង ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី មណ្ឌលផ្ដល់សេវាសាធារណៈនេះ មានទំហំទីតាំងសរុប ៩៨,៥០ ម៉ែត្រក្រឡា និងមានបំពាក់ឧបករណ៍សម្ភារបរិក្ខាទំនើប សម្រាប់ស្រួលដល់ប្រតិបត្តិការ។
បើតាមលោក ហ៊ាង សុធាយុទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទនងសាធារណៈ បានឱ្យដឹងថា រាល់ការផ្តល់សេវាសាធារណៈ នៅក្នុងមណ្ឌលនេះ គឺសុទ្ធតែធ្វើឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ១០០% ដែលអនុញ្ញាឱ្យធ្វើការបង់ប្រាក់តាមប្រព័ន្ធទូទាត់ប្រាក់ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ចំនួន ១២ស្ថាប័ន ផ្តល់ភាពងាយស្រួលជូនដល់សាធារណៈជន ដែលមកប្រើប្រាស់សេវានៅទីនេះ និងស្របតាមយុគសម័យឌីជីថលូបនីយកម្ម។
ក្រៅពីការពង្រីកបន្ថែមទីតាំងផ្តល់សេវា និងជាចំណងដៃបន្ថែមជូនដល់ប្រជាពលរដ្ឋក្នុងការតាមដានការស្ថានភាពការទទួលសេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីថ្មីមួយ គឺកម្មវីធី MPWT Public Service Tracking។ កម្មវិធីនេះ ផ្តល់លទ្ធភាពឱ្យតាមដានពាក្យស្នើសុំសេវាសាធារណៈ ដោយស្គេន QR Code ឬវាលេខវិក្កយបត្រ នោះកម្មវិធី Mobile App នឹងប្រាប់អំពីស្ថានភាព ថាតើពាក្យស្នើសុំសេវានោះបានដល់ ដំណាក់កាលណាមួយ នាពេលណា ជាបន្តបន្ទាប់ រហូតការផ្តល់សេវាត្រូវបានបញ្ចប់។
ដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីបង្កលក្ខណៈ ឱ្យកាន់តែងាយស្រួលក្នុងការប្រឡងយកបណ្ណបើកបរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យរៀបចំកម្មវិធីយល់ដឹងពីទ្រឹស្តីនៃការបើកបរ Cambodia Driving Rules Mobile App សព្វថ្ងៃមានអ្នកប្រើប្រាស់ប្រមាណជាង ៦៣ម៉ឺននាក់ហើយ។ កម្មវិធីនេះមានទាំងភាសាខ្មែរ និងអង់គ្លេស ព្រមទាំងមានសំឡេងនិយាយ អាចដំឡើងប្រើប្រាស់នៅលើ Tablet Smart Phone ដែលដំណើរការដោយ iOS និង Android។ ដោយមានការចង្អុលបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រី អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទនងសាធារណៈ បានធ្វើទំនើបកម្មកម្មវិធីនេះ ឱ្យអាចដំណើរលើកុំព្យូទ័រ ដោយគ្រាន់តែបើកកម្មវិធីនេះក្នុង គេហទំព័រដែលមានអាសយដ្ឋាន៖ dr.mpwt.gov.kh។
ឆ្លៀតក្នុងឱកាសនោះដែរទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងផ្សារ អ៊ីអនម៉ល ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវាសាធារណៈ ដោយឥតគិតថ្លៃរយៈពេល ៥ឆ្នាំ តាំងពីផ្សារទំនើបអ៊ីអនម៉លទី១ ទី២ ឥឡូវមកដល់ ទី៣ បន្ថែមទៀត ព្រមទំាងបានកោតសរសើរដល់ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលបានខិតខំប្រឹងប្រែងរៀបចំសាងសង់មណ្ឌលផ្តល់សេវាសាធារណៈ ថ្មីមួយនេះ និងអរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរៀបចំ កម្មវិធីដើម្បីបានដាក់ដំណើរការជាស្ថាពរនាថ្ងៃនេះ៕