(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតសរុប ១០០គ្រួសារ នៅសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
លេីកឡេីងនាឱកាសនោះលោក ជាម ច័ន្ទសោភ័ណ ក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយមួយចំនួន ដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស តែងតែខិតខំលះបង់កំលាំងកាយចិត្ត តស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះជាបន្តទៀត ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពិសេសបោះឆ្នោតជូនសម្ដេចតេជោ ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោតសម្រាប់គូសនិងបោះឆ្នោត ខាងមុខនេះ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។
ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រួតពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធ ពិសេសអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណ សូមអញ្ជើញទៅឃុំ/សង្កាត់ ដើម្បីធ្វើឯកសារឯ.អ ទើបយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាព ជាបន្តទៀត ។
បើតាមលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថាអំណោយមនុស្សធម៍ចែកជូនគ្រួសារក្រីក្របំផុតចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕